របាយការណ៍ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់​ឆ្នាំចុង២០២៤​ ទុនវិនិយោគ​ក្នុងគម្រោង​អភិវឌ្ឍន៍​អចលនវត្ថុ​នៅកម្ពុជា មានទំហំទឹកប្រាក់​ចំនួន ​៧,២ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះទុនវិនិយោគក្នុងស្រុក​មាន​រហូតដល់ ៨៣ភាគរយ ស្មើនឹង​ប្រមាណ ៦ពាន់​លានដុល្លារអាមេរិក​ និងទុនវិនិយោគមកពីក្រៅប្រទេស​មានចំនួន​ត្រឹមតែ ១៧ភាគរយប៉ុណ្ណោះ ឬស្មើនឹង​ប្រមាណ១,២ពាន់លានដុល្លារអាមេរិក ។ នេះបើតាមឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យហិរញ្ញវត្ថុ​ឆ្នាំ២០២៥-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា​ចេញផ្សាយកាលពី​ចុងសប្ដាហ៍កន្លងទៅនេះ ។

នៅក្នុង​របាយការណ៍នេះ​បានបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ចុង​ឆ្នាំ២០២៤​ គម្រោងអភិវឌ្ឍន៍អចលនវត្ថុ ដែល​ទទួល​បានអាជ្ញា​បណ្ណមានចំនួន ៣៦៥គម្រោង​ ក្នុងនោះ​ គម្រោងអភិវឌ្ឍន៍លំនៅឋានមានលក្ខណៈបុរី និង​អគារ​សហកម្ម​សិទ្ធិ​មានចំនួនច្រើនជាង​គេ ។ គិតត្រឹមចុង​ឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍​លំនៅឋានជា​លក្ខណៈបុរី មានចំនួន៥៩ភាគរយ​នៃគម្រោងអភិវឌ្ឍ​ន៍អចលនវត្ថុ​ដែលទទួលបានអាជ្ញាបណ្ណសរុប​ ។

គួររម្លឹកថា កាលពី​មុន​ឆ្នាំ២០២០​ វិស័យអចលនទ្រព្យកម្ពុជា​បានហក់ឡើង​ដល់​កំពូល ដោយ​ការ​វិនិយោ​គ​​​មានទាំង​ក្នុង និងក្រៅប្រទេស​ និងស្ទើរតែគ្រប់ផ្នែក​នៃវិស័យអចលនទ្រព្យ​ដូចជាដីឡូត៍ ផ្ទះល្វែង​ អគារ​ខ្ពស់​ៗ និង​បានរាលដាលដល់បណ្ដាខេត្ត​មួយចំនួនក្រៅពីរាជធានីភ្នំពេញ ។ លុះដល់​ឆ្នាំ២០២០ ដោ​យ​សា​រតែវិបត្តិ​កូវីដ១៩​ចូលមកដល់ ធ្វើឱ្យការ​វិនិយោគពីខាងក្រៅប្រទេស​បានធ្លាក់​ចុះមួយកម្រិត​ និង​ពឹង​លើ​ការវិនិយោគ​ក្នុងប្រទេស​វិញ ជាពិសេស​ការ​វិនិយោគ​លើ​បុរី និងដីឡូត៍ ។