របាយការណ៍ ៖ គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំចុង២០២៤ ទុនវិនិយោគក្នុងគម្រោងអភិវឌ្ឍន៍អចលនវត្ថុនៅកម្ពុជា មានទំហំទឹកប្រាក់ចំនួន ៧,២ពាន់លានដុល្លារអាម៉េរិក ដែលក្នុងនោះទុនវិនិយោគក្នុងស្រុកមានរហូតដល់ ៨៣ភាគរយ ស្មើនឹងប្រមាណ ៦ពាន់លានដុល្លារអាមេរិក និងទុនវិនិយោគមកពីក្រៅប្រទេសមានចំនួនត្រឹមតែ ១៧ភាគរយប៉ុណ្ណោះ ឬស្មើនឹងប្រមាណ១,២ពាន់លានដុល្លារអាមេរិក ។ នេះបើតាមឯកសារយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០២៥-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ ។
នៅក្នុងរបាយការណ៍នេះបានបង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨ ដល់ចុងឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍អចលនវត្ថុ ដែលទទួលបានអាជ្ញាបណ្ណមានចំនួន ៣៦៥គម្រោង ក្នុងនោះ គម្រោងអភិវឌ្ឍន៍លំនៅឋានមានលក្ខណៈបុរី និងអគារសហកម្មសិទ្ធិមានចំនួនច្រើនជាងគេ ។ គិតត្រឹមចុងឆ្នាំ២០២៤ គម្រោងអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរី មានចំនួន៥៩ភាគរយនៃគម្រោងអភិវឌ្ឍន៍អចលនវត្ថុដែលទទួលបានអាជ្ញាបណ្ណសរុប ។
គួររម្លឹកថា កាលពីមុនឆ្នាំ២០២០ វិស័យអចលនទ្រព្យកម្ពុជាបានហក់ឡើងដល់កំពូល ដោយការវិនិយោគមានទាំងក្នុង និងក្រៅប្រទេស និងស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យដូចជាដីឡូត៍ ផ្ទះល្វែង អគារខ្ពស់ៗ និងបានរាលដាលដល់បណ្ដាខេត្តមួយចំនួនក្រៅពីរាជធានីភ្នំពេញ ។ លុះដល់ឆ្នាំ២០២០ ដោយសារតែវិបត្តិកូវីដ១៩ចូលមកដល់ ធ្វើឱ្យការវិនិយោគពីខាងក្រៅប្រទេសបានធ្លាក់ចុះមួយកម្រិត និងពឹងលើការវិនិយោគក្នុងប្រទេសវិញ ជាពិសេសការវិនិយោគលើបុរី និងដីឡូត៍ ។