កំពូលមហាសេដ្ឋីនៅកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ដែលគេស្គាល់យ៉ាងច្បាស់ថា ជាកំពូលអ្នកជំនួញដ៏ធំប្រចាំកម្ពុជា បានចែករំលែកនូវចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុថា ៖ ការបាត់បង់ហិរញ្ញវត្ថុ ឬវិបត្តិហិរញ្ញវត្ថុដែលអ្នកជួបនៅអាយុ៥០ឆ្នាំ មិនមែនកើតទ្បើងមួយរំពេចនោះទេ។ ការណ៍នេះកើតទ្បើងបន្តិចម្តងៗដោយសារទម្លាប់ចាយវាយដោយប្រមាទរយៈពេលច្រើនឆ្នាំ។
ចំណុចទាំង ៥ នៅខាងក្រោមនេះ គឺជាការចំណាយដែលត្រូវកែប្រែ៖

១. ចំណាយតែម្តងគត់៖ ជារឿយៗ “ការចំណាយតែម្តងគត់”នេះនាំឲ្យមានការចំណាយថែមទៀតនៅពេលក្រោយ។ យើងគួរសួរខ្លួនយើងថា៖ “តើការចាយវាយបែបនេះនឹងផ្តល់ផលប៉ះពាល់អ្វីខ្លះលើហិរញ្ញវត្ថុរបស់ខ្ញុំសម្រាប់រយៈពេលយូរ?”

២. បែបផែនជីវិត៖ នៅពេលអ្នករកប្រាក់បានច្រើន ប៉ុន្តែប្រាក់សន្សំរបស់អ្នកបែរជានៅដដែល ឬតិចជាងមុន។ អ្នកបរិភោគអាហារក្រៅផ្ទះច្រើនជាងមុន ដ្បិតចំណូលរបស់អ្នកកើនទ្បើង។ តើត្រូវដោះស្រាយបញ្ហានេះដូចម្តេច? យើងត្រូវដាក់ប្រាក់សន្សំជាស្វ័យប្រវត្តិ មុននឹងចំណាយផ្សេងៗ។

៣. យកពេលទំនេរធ្វើសកម្មភាពមិនផ្តល់ផលដល់អ្នក៖ ខ្ជះខ្ជាយពេលវេលាមើលទូរសព្ទ ឬទូរទស្សន៍ ដោយមិនយកពេលទំនេររៀនយកពុទ្ធិ ឬធ្វើកិច្ចការណាមួយដែលផ្តល់កម្រៃ។ សូមប្រើពេលតែ១ ឬ២ម៉ោងក្នុងមួយសប្តាហ៍ ដើម្បីកសាងជំនាញ ឬរកប្រាក់បន្ថែម។

៤. ផ្តល់រង្វាន់ដល់ខ្លួនឯងច្រើនពេក៖ ផ្នត់គំនិតនៃការផ្តល់រង្វាន់នេះគឺជារឿងប្រពៃសម្រាប់ការលើកទឹកចិត្តខ្លួនឯង ប៉ុន្តែត្រូវមានតុល្យការ។ កុំលង់គំនិតថា “ខ្ញុំសន្សំបាន១០ដុល្លារ ដូច្នេះខ្ញុំនឹងចំណាយ៥០ដុល្លារដើម្បីអបអរដល់ខ្លួនឯង!” សូមដាក់ប្រាក់សន្សំ១០ដុល្លារទៅក្នុងគណនីបញ្ញើសន្សំរបស់អ្នកជាប្រចាំ។

៥. យឺតយ៉ាវក្នុងការបំពេញកាតព្វកិច្ចសំខាន់ៗ ដូចជាមិនបានទូទាត់បំណុល ឬបណ្ណឥណទានឲ្យទាន់ពេលវេលា ឬបង្អែបង្អង់ក្នុងការទូទាត់លើការធានារ៉ាប់រងរបស់អ្នក។ អ្នកនឹងដឹងពីចំនួនប្រាក់ដែលអ្នកអាចសន្សំបាន នៅពេលអ្នកដោះស្រាយបញ្ហានេះទាន់ពេលវេលា។

សូមចាប់ផ្តើមឥឡូវនេះ មិនថាអ្នកស្ថិតក្នុងវ័យណានោះទេ៖
– វ័យ២០-៣០ឆ្នាំ៖ ពេលវេលាគឺជាមិត្តដ៏ល្អបំផុតរបស់អ្នក សូមចាប់ផ្តើមវិនិយោគ។
– វ័យ៣០-៥០ឆ្នាំ៖ ឈប់ខ្ជះខ្ជាយលុយកាក់លើរឿងកំប៉ិកកំប៉ុក។ យូរៗទៅ ការសន្សំតិចតួចនេះនឹងធ្វើឲ្យប្រាក់កើនច្រើន។
– វ័យចាប់ពី៥០ឆ្នាំឡើង៖ គ្រប់គ្រងប្រាក់ឲ្យបានស្រួល កាត់បន្ថយបំណុល រក្សាប្រាក់សន្សំឲ្យមានសុវត្ថិភាពចៀសវាងចំណាយមិនចាំបាច់នានា។
សូមចងចាំថាបញ្ហាហិរញ្ញវត្ថុធំៗកើតចេញពីទម្លាប់អាក្រក់តូចៗ។

សូមដោះស្រាយបញ្ហាទាំងនោះនៅថ្ងៃនេះ។ សូមកុំរង់ចាំរហូតដល់អ្នកអាយុ៥០ឆ្នាំ ទើបអ្នកយល់ពីទម្លាប់ចំណាយរបស់អ្នក ពីព្រោះទម្លាប់ចំណាយបច្ចុប្បន្នរបស់អ្នកអាចកំណត់ពីភោគទ្រព្យរបស់អ្នកទៅអនាគតបាន។