ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំដើម្បីពិនិត្យលើពាក្យស្នើសុំការលើកទឹកចិត្តពិសេសក្នុងខេត្តព្រះសីហនុ ចំនួន ២៥ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ១ ០១៧ លានដុល្លារអាមេរិក ខណៈដែលក្រុមការងារជំនាញបានសម្រេចផ្តល់ជូនចំនួន២៤គម្រោង មានទុនសរុបជាង ២០៨លានដុល្លារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានឱ្យដឹងថា៖ អង្គប្រជុំនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោគចំនួន២៤ មានទំហំទុនជាង ២០៨ លានដុល្លារអាម៉េរិក ខណៈដែលគម្រោងដែលបានស្នើសុំសរុបមានចំនួន ២៥ ជាមួយទុនវិនិយោគសរុបរហូតដល់ជាង ១០១៧លានដុល្លារអាម៉េរិក។
ឯកឧត្តមបានបញ្ជាក់ថា៖ ក្នុងចំណោមគម្រោងចំនួន២៤ ដែលទទួលបានគោលការណ៍ពិសេស រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងចំនួន ៨, គម្រោងថ្មី ចំនួន ១៥ និងគម្រោងពង្រីកចំនួន ១ ដែលមានទុនវិនិយោគសរុបជាង ២០៨ លានដុល្លារអាម៉េរិក និង ប៉ាន់ស្មានអាចបង្កើតការងារបានប្រមាណ ៣ ១២០ កន្លែង ។ គម្រោងទាំងនោះមានជាអាទិ៍ រោងចក្រផលិត និងដំឡើងឧបករណ៍ចម្អិន, រោងចក្រផលិតប្រេងសម្រាប់ឧស្សាហកម្មកែច្នៃផលិតផលកៅស៊ូ, រោងចក្រផលិតសម្ភារៈបរិក្ខាពេទ្យ, គម្រោងរោងចក្រកែច្នៃម្សៅត្រី, អគារពហុមុខងារ និងអគារស្នាក់នៅរួម។
សូមរំលឹកថា ចំពោះការអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤-២០២៥កន្លងទៅនេះ ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ៤១២ ដែលមានទុនវិនិយោគសរុបប្រមាណ ៧ ៩៧១ លានដុល្លារអាម៉េរិក និងប៉ាន់ស្មានអាចបង្កើតការងារបាន ៥២ ០០៤ កន្លែង ដោយក្នុងនោះរួមមានគម្រោងវិនិយោគពាក់ព័ន្ធអគារជាប់គាំងចំនួន ១៩៤ គម្រោង, គម្រោងវិនិយោគថ្មី ១៧៨គម្រោង, គម្រោងពង្រីក ២៥ គម្រោង និងគម្រោងវិនិយោគមានស្រាប់ ១៥គម្រោង ៕
