កំពង់ធំ ៖ សួន កសិ-ឧស្សាហកម្ម និងកែច្នៃ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញលើកដំបូងរបស់កម្ពុជា អាចនឹងលេចចេញជារូបរាងនាពេលខាងមុខ ស្ថិតនៅលើទំហំដីប្រមាណ៣០០ហិកតា ក្នុងខេត្តកំពង់ធំ ក្រោមកិច្ចសហការបង្កើតឡើងរវាងក្រុមហ៊ុនកំពូលមហាសេដ្ឋី អ្នកឧកញ៉ា គិត ម៉េង សហការជាមួយរដ្ឋាភិបាល។

រាជរដ្ឋាភិបាល កំពុងសិក្សាពីលទ្ធភាពក្នុងការបង្កើតសួនកសិ-ឧស្សាហកម្មលើកដំបូងនៅលើទំហំផ្ទៃដីសរុបប្រមាណ ៣០០ហិកតា ស្ថិតនៅក្នុងទឹកដីខេត្តកំពង់ធំសម្រាប់កែច្នៃកសិផលនានា ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក ក៏ដូចជាជំរុញការនាំចេញផងដែរ ដោយសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) របស់អ្នកឧកញ៉ា គិត ម៉េង ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា៖ សួនកសិ-ឧស្សាហកម្មនេះ គឺសម្រាប់ការកែច្នៃកសិផលនានាដែលមិនផ្តោតលើការកែច្នៃគ្រាប់ស្វាយចន្ទីនោះទេ។ គម្រោង​សួន​កសិ-ឧស្សាហកម្មខេត្តកំពង់ធំ ដែលបានចាប់ផ្តើមសិក្សានាពេលនេះ ជាគម្រោងអមទៅនឹងគម្រោងធំនៃសួនឧស្សាហកម្មកែឆ្នៃគ្រាប់ស្វាយចន្ទី ដែលគម្រោងទាំងពីរនេះកំពុងត្រូវបានផ្តួចផ្តើម ជំរុញ និងគាំទ្រប្រកបដោយការយកចិត្តខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា៖ «ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្វាហាប់​របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្តបាន និងកំពុងខិតខំធ្វើយ៉ាងណាអភិវឌ្ឍសេដ្ឋកិច្ចខេត្ត សំដៅលើកកម្ពស់ជីវភាពរបស់​បង​ប្អូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។

លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក. (Royal Group Phnom Penh SEZ Plc.) មានលើកឡើងថា គោលបំណងរបស់ក្រុមហ៊ុន គឺចូលរួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចខេត្ត លើកកម្ពស់សេដ្ឋកិច្ចខេត្ត និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយសង្កេតឃើញពីសក្តានុពលរបស់ខេត្តកំពង់ធំ លោកមានសុទិដ្ឋិនិយមខ្ពស់លើភាពជោគជ័យនៃគម្រោងនេះ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានមានប្រសាសន៍ថា៖ « ការបង្កើតជាសួនកសិ-ឧស្សាហកម្ម គឺជាការបង្កើតជម្រើសមួយក្នុងការកសាងសេដ្ឋកិច្ចខេត្តកំពង់ធំ មានសេដ្ឋកិច្ចរឹងមាំ និងយូរអង្វែង។ លើសពីនេះទៀត ការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កែច្នៃកសិផលនានានៅក្នុងខេត្តកំពង់ធំ មុននឹងនាំចេញផលិតផលទាំងនោះទៅកាន់ទីផ្សារ នឹងជួយបង្កើនតម្លៃកសិផល ហើយផលិតផលទាំងនោះនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីទីផ្សារ ថែមទាំងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ»។

ឯកឧត្តមបណ្ឌិតបានបន្ថែមទៀតថា៖ កសិផលកម្ពុជា មិនទាន់កែច្នៃជាច្រើនត្រូវបានលក់ទៅតាមបណ្តាប្រទេសជិតខាង ហើយប្រទេសទាំងនោះយកទៅកែច្នៃជាផលិតផលមានតម្លៃជាងកសិផលដើម៕