ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )នៅឆ្នាំ២០២៥ កន្លងទៅនេះ បានចុះបញ្ជីគម្រោងវិនិយោគចំនួន៦៣០ ដែលមានទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨​ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា៖ ក្នុងចំណោមគម្រោងវិនិយោគជាង ៦៣០ មានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៤៣។

យោងតាមប្រភព CDC ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោង វិនិយោគចំនួន ៤១៤ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៦,៩ប៊ីលានដុល្លារអាម៉េរិក។ សមិទ្ធផលនេះជាការបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលកាលពីឆ្នាំ២០២៤ គណៈកម្មការវិនិយោគកម្ពុជាបានបង្កើតកំណត់ត្រាថ្មីនៃការ ចុះបញ្ជីគម្រោងវិនិយោគម្តងរួចហើយ។

គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំឆ្នាំ២០២៥ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសគឺគម្រោងពង្រីកផលិតកម្មកសិដ្ឋានដាំដំណាំហូបផ្លែ និងរោងចក្រកែច្នៃនៅខេត្តរតនគិរី ដែលមានទុនវិនិយោគប្រមាណ២២៦លានដុល្លារ​ និងអាចបង្កើតការងារជាង៨ពាន់កន្លែង។ ចំណែកគម្រោងលេចធ្លោជាងគេនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួនពីរ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ និង តំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀងដែលមានទុនសរុបជាង ៤៣៧លានដុល្លារ ។

សូមបញ្ជាក់ថា គម្រោងវិនិយោគលើវិស័យឧស្សាហកម្ម មានទំហំធំជាងគេដែលមានទុន ៥,៦ប៊ីលាន បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗចំនួន ៣,៨ ប៊ីលាន វិស័យកសិកម្ម-កសិឧស្សាហកម្ម៤៣៦លានដុល្លារ និងវិស័យទេសចរណ៍១៧៥លានដុល្លារ។ រីឯប្រភពទុនឈានមុខគេ គឺប្រទេសចិនដែលមានជាង៥៤ភាគរយ កម្ពុជាជាង៣១% សិង្ហបុរីជិត៦% វៀតណាមជាង៤% និងកោះBritish Virgin ជិត២ភាគរយ៕