ភ្នំពេញ ៖ ត្រឹមពាក់កណ្តាលខែមករា ដើមឆ្នាំ២០២៦នេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគចំនួន២២ ជាមួយដើមទុនសរុបជាង ៤០០លានដុល្លារ បានដាក់ពាក្យស្នើសុំគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើប្រតិបត្តិការវិនិយោគនៅក្នុងបណ្តាខេត្តទាំង៤ ក្នុងភូមិភាគឦសាននៃប្រទេសកម្ពុជា។
ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ, ១០ នៅខេត្តស្ទឹងត្រែង, ២ នៅខេត្តរតនគិរី និង ៥ នៅខេត្តមណ្ឌលគិរី ដោយមានសកម្មភាពចម្រុះ ជាអាទិ៍ គម្រោងវិនិយោគបណ្ដុំសហគ្រាសធុនតូច និងមធ្យម, គ្រឹះស្ថានឧត្តមសិក្សា, មន្ទីរពហុព្យាបាល, សណ្ឋាគារ និង រីសត ភូមិទេសចរណ៍វប្បធម៌, កសិដ្ឋានចិញ្ចឹមសត្វ, កសិដ្ឋានដាំដំណាំកសិកម្ម និងកសិ-ឧស្សាហកម្ម, រោងចក្រកែច្នៃកសិផល ដូចជា កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូងមី ទុរេន ឈើដាំ និងដំណាំកាហ្វេ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន បានឱ្យដឹងថា ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន នៅតែបន្តគាំទ្រសម្របសម្រួល និង ស្វែងរកដំណោះស្រាយពាក់ព័ន្ធការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និងការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, ការជំរុញបរិវត្តកម្មពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ សម្រាប់សង្គម-សេដ្ឋកិច្ចជាតិ ។
គួរបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥។ ជាលទ្ធផល នៅក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានអនុម័តគម្រោងវិនិយោគចំនួន ១៣ ដែលមាន ៦ គម្រោងនៅខេត្តក្រចេះ, ៤ គម្រោង នៅខេត្តមណ្ឌលគិរី, និង ៣ គម្រោង ខេត្តរតនគិរី ជាមួយនឹងទុនវិនិយោគសរុប ៦៦៨,៧ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មីប្រមាណ ១២ ៧៧៧ កន្លែង ៕