ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាល ខែវិច្ឆិកា ឆ្នាំ2022 នេះ កម្ពុជាទទួលបានក្រុមហ៊ុន និងសហគ្រាសដែលបានចុះបញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងត្រូវបានអនុម័តរួច មានចំនួនជិត 20 ពាន់ ក្រុមហ៊ុនដែលគិតជាដើមទុនសរុបមានចំនួន 5.51 ទ្រីលានដុល្លារអាមេរិក ។ នេះបើយោងតាមទិន្នន័យប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល។
សកម្មភាពអាជីវកម្មធំៗចំនួន 5 ប្រភេទ ទទួលបានការចុះបញ្ជី និងមានដើមទុនច្រើនជាងគេរួមមាន៖ ការវិនិយោគលើការសាងសង់អគារមានទុនចំនួន 963 ពាន់លានដុល្លារ សកម្មភាពអចលនទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬ ជួលពីគេមានទុនចំនួន 634 ពាន់លានដុល្លារ សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រងមានទុនចំនួន 289ពាន់លានដុល្លារ កម្មន្តសាលសំលៀកបំពាក់ (លើកលែងសំលៀកបំពាក់ធ្វើពីរោមសត្វ) មានទុនចំនួន 269 លានដុល្លារ អន្តរការីរូបិយវត្ថុ និងការចុះបញ្ជីរបស់ក្រុមហ៊ុនផ្សេងៗទៀតក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។
ដោយឡែក បើតាមទិន្នន័យដដែលនេះ នាមករណ៍បម្រុងទុកប្រមាណជាង 12 ពាន់ក្រុមហ៊ុន សហគ្រាសផ្សេងទៀត ដែលនឹងធ្វើការអនុម័តជាបន្តបន្ទាប់។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ក្នុងជំហានទី1 បានដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី15 ខែ មិថុនា ឆ្នាំ2020 រួមមានក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមហាផ្ទៃ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
ចំណែកជំហានទី2 បានអនុវត្តនៅថ្ងៃទី15 ខែកញ្ញា ឆ្នាំ2021 ប្រព័ន្ធនេះបានពង្រីកវិសាលភាពដល់ការស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតផ្សេងៗតាមអនឡាញ ទៅតាមសកម្មភាពអាជីវកម្ម ពីក្រសួង-ស្ថាប័នជំនាញរួមមាន ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕