ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប ដែលប្រើប្រាស់ថវិកាប្រមាណ ៣៥ លានដុល្លារ សម្រេចបាន ៩៣% នៃផែនការ ហើយនឹងបញ្ចប់ទាំងស្រុងនៅដើមខែមេសាឆ្នាំ២០២៣នេះ។ នេះបើយោងតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ។

វឌ្ឍនភាពនៃការសាងសង់ស្ពាននេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ អំឡុងពេលលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចាក់បេតុងតភ្ជាប់ស្ពានខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាប។

ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥។ ស្ពានថ្មីនេះរំពឹងថានឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ។

គម្រោងស្ពានខ្សែកាបឫស្សីកែវនេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន ៤ បង្គោល មានកម្ពស់រហូតដល់ ៤០ ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។

ស្ពានបេតុងនេះ ស្ថាបនានៅអមជាមួយស្ពានបេឡេ មានប្រវែង ៩២២ ម៉ែត្រ មានទទឹង ២០,៥ ម៉ែត្រ។ ដោយឡែក ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង ១,២៥ ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាបធៀបនឹងកម្រាលស្ពាន ៣៤ ម៉ែត្រ គន្លងខ្សែយានយន្តមានទទឹង ៣.៧៥ ម៉ែត្រ។

គន្លងធ្វើចរាចរណ៍ ២ ខ្សែទៅ ២ ខ្សែមក។ កម្ពស់នាវាចរក្រោមស្ពានអតិបរមានៅរដូវវស្សា ១០.៥ ម៉ែត្រ។ កម្ពស់នាវាចរក្រោមស្ពានអប្បរមានៅរដូវប្រាំង ២០,៥ ម៉ែត្រ ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរណ៍។ ស្ពាននេះចំណាយថវិកាសាងសង់ប្រមាណ ៣៥ លានដុល្លារ៕