ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា សម្តេចនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅថ្ងៃទី១០ កុម្ភៈ ដើម្បីស្នើសុំឱ្យប្រទេសចិនជួយលើគម្រោងសាងសង់រថភ្លើងល្បឿនលឿននៅកម្ពុជា នៅពេលខាងមុខ។
ក្នុងឱកាសជំនួបជាមួយក្រុមអ្នកសារព័ត៌មានជាង៥ពាន់នាក់ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ មករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចនាពេលខាងមុខ នឹងមានគម្រោង ថ្មីៗ ថែមទៀត ដែលត្រូវពឹងពាក់មិត្តចិន ដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងក៏មានគម្រោងផ្លូវរថភ្លើងល្បឿនលឿនផងដែរ។
បើតាមសម្តេចតេជោ ហ៊ុន សែន កម្ពុជា មានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវនេះ មិនអាច ប្រើប្រាស់បានទាន់ពេលទេ ប្រហែលជាយើង មានគម្រោងនេះ ដើម្បីដើម្បីនឹងស្នើឲ្យមិត្តចិន ជួយក្នុងការកសាង ផ្លូវដែក របស់កម្ពុជាផងដែរ មានគម្រោងដ៏ទៃទៀត កិច្ចសហប្រតិបត្តិការ ដ៏ទៃទៀត ។
យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី១៣ មករានេះ ឱ្យដឹងថា ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងត្រូវសាងសង់នៅពេលខាងមុខ ។ តាមផែនការរបស់រដ្ឋាភិបាលគឺនឹងអភិវឌ្ឍលើផ្លូវរថភ្លើងដែលមានស្រាប់ ហើយបច្ចុប្បន្ននេះរដ្ឋាភិបាលកំពុងជំរុញក្រសួងសេដ្ឋកិច្ច និងក្រសួងសាធារណការធ្វើការសិក្សាលើគម្រោងនេះ។
សម្រាប់រដ្ឋាភិបាល ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿននេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប ជំរុញកំណើនសេដ្ឋកិច្ច សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូល និងលើកកម្ពុជាជីវភាពប្រជាជន៕