ភ្នំពេញ ៖ ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឬស្សីកែវ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃ31 ខែឧសភា ឆ្នាំ2023 បន្ទាប់ពីបញ្ចប់ការសាងសង់ និងបានដាក់ប្រជាពលរដ្ឋឆ្លងកាត់ធ្វើដំណើរជាបណ្តោះអាសន្ននាពេលកន្លងមក ។
ដើម្បីឲ្យកម្មវិធីសម្ពោធនេះប្រព្រឹត្តទៅដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ជៀសបានការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង 2រសៀលថ្ងៃទី30 ឧសភាតទៅ ។
ស្ពានបេតុងខ្សែកាប នេះមានប្រវែង 922ម៉ែត្រ ទទឹង 20,5ម៉ែត្រ ចិញ្ចើមស្ពាន សម្រាប់ថ្មើរជើងមានទទឹង 1,25ម៉ែត្រសងខាង, កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាបធៀបនឹង កម្រាលស្ពាន 34ម៉ែត្រ។
សរសរសម្រាប់ព្យួរ ខ្សែកាបមានសរសរចំនួន 4 គន្លងខ្សែយានយន្ត ទទឹង3.75ម៉ែត្រ គន្លងធ្វើចរាចរ2ខ្សែទៅ និង2ខ្សែ មក កម្ពស់នាវាចរ ក្រោមស្ពានអតិបរមានៅរដូវវស្សា 10.5 ម៉ែត្រ កម្ពស់នាវាចរក្រោមស្ពាន អប្បរមា នៅរដូវប្រាំង 20,5 ម៉ែត្រ បំពាក់បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរ។
ស្ពាននេះសាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើពេល 28 ខែ ក្រោយការស្ថាបនារួចស្ពានបេតុងខ្សែកាបនេះ នឹងបង្កើតលំហូរចរាចរថ្មីតភ្ជាប់ពីផ្លូវជាតិលេខ 5 នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ 6 នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ការដ្ឋានសាងសង់ស្ពានបេតុងមួយនេះបានបើកការដ្ឋាននៅថ្ងៃទី 23 ខែតុលា ឆ្នាំ 2017៕