ភ្នំពេញ ៖ កម្ពុជាបានទាក់ទាញគម្រោងសំណង់ទូទាំងប្រទេស ចំនួន ៨២៦ គម្រោង ដែលមានទុនវិយោគប្រមាណ ១,៤ ពាន់លានដុល្លារនៅត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ១៣០,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
របាយការណ៍បានឱ្យដឹងដូច្នេះថា នៅត្រីមាសទី២ ឆ្នាំ២០២៣ គម្រោងសំណង់ទូទាំងប្រទេស មានសរុបចំនួន ៨២៦ គម្រោង បានធ្លាក់ចុះ ១៧៣ គម្រោង ស្មើនឹង ១៧,៣% ប៉ុន្តែទុនវិនិយោគ មានសរុបចំនួន ១ ៤៧៥ លានដុល្លារអាមេរិក បានកើនឡើង ១៣០,២% ក្នុងនោះ សំណង់លំនៅដ្ឋានមានចំនួន ៦០៧,៥ លានដុល្លារអាមេរិក សំណង់ឧស្សាហកម្មមានចំនួន ៥៦៨,៥ លានដុល្លារអាមេរិក សំណង់ពាណិជ្ជកម្មមានចំនួន ២៤៩ លានដុល្លារ សំណង់សាធារណៈមានចំនួន ៨៧,១ លានដុល្លារ និងសំណង់ទេសចរណ៍មានចំនួន ៧៩,៦ លានដុល្លារ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថានឹងសម្រេចបានក្នុងអត្រា ៥,៦% នៅឆ្នាំ២០២៣នេះ ដែលខ្ពស់ជាឆ្នាំ២០២២ កន្លងទៅ។ ការឡើងនេះ គឺគាំទ្រដោយការរក្សាបានកំណើនល្អ នៃកម្មន្តសាលមិនមែនកាត់ដេរ ដែលបម្រើឱ្យការនាំចេញ និងការប្រើប្រាស់ក្នុងស្រុក ការកើនឡើងនូវគម្រោងវិនិយោគធំៗ ការងើបឡើងវិញនៃសំណើសាងសង់ និងការងើបឡើងវិញគួរឱ្យកត់សម្គាល់នៃវិស័យសំណង់ទេសរណ៍ តាមរយៈភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិ។
ក្រសួងបានឱ្យដឹងថាទៀតថា ជាការសង្កេត សកម្មភាពសេដ្ឋកិច្ចខ្លះទៅទ្រឹង និងខ្លះទៀតថមថយ ជាពិសេស ជាពិសេស ការនាំចេញផលិតផលកាត់ដេរ។ ដោយឈរលើមូលដ្ឋាននៃស្ថានភាពសូចនាករសំខាន់ៗក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន បានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចភាពល្អប្រសើរ ដែលស្តែងតាមរយៈ ការកើនឡើងចំនួនភ្ញៀវអន្តរជាតិជាង ២៧១% ការកើនឡើងទុនគម្រោងសាងសង់ប្រមាណ ១៣០,២% ការកើនឡើងនៃទុនវិនិយោគប្រមាណ ៦៣,៣% ការកើនឡើងនៃទំហំទំនិញនាំចេញមិនរាប់បញ្ចូលមាសប្រមាណ ០,១% និងការថមថយប្រេងឆៅប្រមាណជាង ៣០%៕