ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មានការសម្រេចជាផ្លូវការណាមួយពីរាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ នោះទេ ហើយរាជរដ្ឋាភិបាលថ្មីក៏មិនបានបង្កើតពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋ ឬអាជីវករនោះដែរ។
ការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងឆ្លើយតបទៅនឹងការលើកឡើងពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋតាមរយ:ការបង្ហាញមតិលើបណ្តាញសង្គមនៅក្នុងប្រទេសថា រដ្ឋបង្កើនពន្ធថ្មី ដើម្បសង្កត់ករាស្ត្រ ស្របពេលដែលសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនអំណោយផល។
នៅក្នុងសារជាសម្លេងពិសេស ជិត៥នាទី ផ្ញើជូនបងប្អូនជនរួមជាតិនៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីរាជរដ្ឋាភិបាលបង្កើតមកដល់ម៉ោងនេះ មិនមានការបង្កើតពន្ធបន្ថែមសម្រាប់ដាក់បន្ទុកទៅលើប្រជាពលរដ្ឋ ឬអាជីវករនោះទេ ហើយចំពោះការគិតគូររឿងនេះ រាជរដ្ឋាភិបាលគ្រោងនឹងធ្វើសម្រាប់ដាក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១១ ក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីពិចារណាទៅលើក្របខ័ណ្ឌនៃពន្ធដែលមានស្រាប់តែប៉ុណ្ណោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា៖ « ប៉ុន្មានថ្ងៃនេះ មានការរំជើបរំជួលក្នុងប្រព័ន្ធបណ្តាញសង្គមពាក់ព័ន្ធនឹងទៅនឹងបទសម្ភាសន៍ជាមួយឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នាពេលកន្លងមក ពាក់ព័ន្ធនឹងការប្រមូលពន្ធលើចំណេញមូលធន ដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ ២០២៤ ខាងមុខ»។
សម្តេចបញ្ជាក់បន្ថែមថា៖«ការងានេះ ខ្ញុំបានឱ្យឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញនូវការបំភ្លឺទាក់ទងទៅនឹងកិច្ចការងានេះ (ពាក់ព័ន្ធនឹងរឿងប្រមូលពន្ធនេះ ) ។ ខ្ញុំសូមបញ្ជាក់ ថា ពន្ធនេះ មិនមែនបង្កើតថ្មីនោះទេ ហើយកន្លងទៅ យើងបានពន្យាក្នុងការអនុវត្ត ពីរ ឬបីឆ្នាំមកនេះ ហើយរហូតទៅដល់ដើមឆ្នាំ២០២៤ ដូចដែលឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាសន៍ នោះគ្រោងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីដែលមិនការប្រែប្រួល»។
ទោះជាបែបនេះក្តី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញញជាក់ថា ការងារនេះ មិនទាន់ត្រូវបានសម្រេចពីរាជរដ្ឋាភិបាលក្នុងការអនុវត្តក្នុងឆ្នាំ២០២៤ ឬកែសម្រួលបែបណា នោះទេ ដោយសម្តេច បានប្រគល់ការងារនេះ ជូនដល់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការពិគ្រោះយល់បល់ ដើម្បីប្រមូលធាតុចូលសម្រាប់ការដាក់ចេញនូវផែនការកញ្ចប់វិធានការអនុគ្រោះដល់វិស័យឯកជនក្នុងក្នុងវេទិការាជរដ្ឋាភិបាលនិងវិស័យឯកជននៅពេលមុខដោយក្នុងក៏ពាក់ព័ន្ធនឹងពន្ធនេះដែរ ៕