បរទេស ៖ វិនិយោគិនលើវិស័យអចលនទ្រព្យចិនដែលធ្លាប់តែជាអតិថិជនដែលមានសក្តានុពលជាងគេបំផុតក្នុងការទិញយកខុនដូ និងអាផាតមិនលំដាប់ខ្ពស់ក្នុងប្រទេសថៃកំពុងធ្លាក់ចុះដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងវិបត្តិអចលនទ្រព្យនៅក្នុងប្រទេសចិនខ្លួនឯង។
យោងតាមការចេញផ្សាយរបស់ The VOA News កាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ជនជាតិចិនជាច្រើនបានបណ្តាក់ទុនរហូតដល់ ៧០ភាគរយនៃប្រាក់សន្សំរបស់ពួកគេក្នុងវិស័យអចលនទ្រព្យ ដោយយល់ឃើញថាវានឹងអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនត្រឡប់មកវិញ ជាពិសេសទៅលើវិស័យខុនដូ និងអាផាតមិនប្រណីតរបស់ប្រទេសថៃអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោក Kashif Ansari សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Juwai IQI Group ដែលជាក្រុមហ៊ុនទីផ្សារអចលនទ្រព្យដែលជួយតភ្ជាប់ក្រុមអ្នកទិញជនជាតិចិនទៅទីផ្សារអចលនទ្រព្យនៅអាស៊ីអាគ្នេយ៍បានថ្លែងប្រាប់ VOA ថានិន្នាការបែបនេះបច្ចុប្បន្នកំពុងមានការធ្លាក់ចុះមកវិញហើយ។
លោក Ansari បានបន្តថា ៖ ឆ្នាំ នេះ ប្រទេស ថៃ លែង ជា គោលដៅ ទី មួយ សម្រាប់ អ្នក ទិញ ចិន ដូច កាលពី ឆ្នាំ មុន ទៀត ហើយ ។ ជំនួសមកវិញ វាគឺជាប្រទេសទីប្រាំ ខណៈដែលគោលដៅកំពូលទាំងបួន គឺជាប្រទេសដែលនិយាយភាសាអង់គ្លេស ជាមួយនឹងវិស័យអប់រំដ៏មានកិត្យានុភាពជាងប្រទេសថៃ។
រំលឹកដែរថា ប្រទេសថៃគឺជាទីតាំងកំពូលសម្រាប់ជនជាតិចិនក្នុងការវិនិយោគលើអចលនទ្រព្យលំនៅដ្ឋានចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ នេះបើយោងតាមបញ្ជីរបស់ក្រុមហ៊ុននៃប្រទេសទាំង ១០ដែលចង់បានបំផុតដោយអ្នកទិញចិន។
នៅឆ្នាំ ២០២២ប្រទេសថៃបានជាប់ចំណាត់ថ្នាក់ទី ៤ហើយឥឡូវនេះនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣វាជាចំណាត់ថ្នាក់ទី ៥។
មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ប្រទេសថៃក៏បានរកឃើញថាអ្នកទិញជនជាតិចិនគឺជាក្រុមជនបរទេសដ៏ធំបំផុតដែលទិញខុនដូក្នុងប្រទេសថៃចាប់តាំងពីឆ្នាំ២០១៨ដោយបានទិញចំនួន ៣,៥៦២ យូនីតមានតម្លៃជាង ៥១១ លានដុល្លារក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២២។
គួរឲ្យដឹងដែរថា ប្រទេសដែលពេញនិយមបំផុតចំនួនបួនក្នុងចំណោមអ្នកទិញចិននៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤គឺប្រទេសអូស្ត្រាលី កាណាដា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នេះបើយោងតាមការស្រាវជ្រាវដោយ Juwai IQI ៕