ភ្នំពេញ ៖ «វិស័យអចលនទ្រព្យ គឺជាវិស័យដែលធំ និងចាំបាច់របស់កម្ពុជា ដែលទាក់ទងដល់សន្តិសុខ នយោបាយនិងសុវត្ថិភាពរបស់ ប្រទេស។ យើងទាំងអស់គ្នា ត្រូវរួមគិតដោះស្រាយ ដើម្បីផ្តល់សុវត្ថិភាព និងការពារវិស័យឧស្សាហកម្មនេះសំដៅឈានទៅសម្រេចឱ្យ បាននូវគោលនយោបាយលំនៅឋានសមរម្យជូនប្រជាពលរដ្ឋកម្ពុជា»។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំ  ជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាកាលពីថ្ងៃទី២៣ តុលា ២០២៣នៅទីស្តីការក្រសួង។

ជាលទ្ធផលនៃកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកពីវិធានការចាំបាច់មួយចំនួនដើម្បីកែលម្អ  និងលើកស្ទួយវិស័យ អចលនទ្រព្យដូចខាងក្រោម ៖

១. ពិភាក្សាលើការជួលអចិន្ត្រៃយ៍សម្រាប់ជនបរទេស

២. ពិនិត្យ និងស្នើធនាគារជាតិ ពិចារណាឡើងវិញ លើការផ្ដល់លំហូរសាច់ប្រាក់ និងការអនុវត្តការប្រាក់

៣. ស្វែងរកវិធីកៀរគរទុនវិនិយោគពីបរទេស

៤. បើកទំព័រសករាជថ្មី ជាដៃគូយុទ្ធសាស្រ្តរួមគ្នារវាងក្រសួង និងអ្នកអភិវឌ្ឍន៍ ដើម្បីជជែកពិភាក្សានិងដាក់ចេញនូវវិធាន ការនានាដើម្បីទ្រទ្រង់វិស័យអចលនទ្រព្យ។

កិច្ចប្រជុំនេះ  មានវត្តមាន អ្នកឧកញ៉ា ឧកញ៉ា ជា ម្ចាស់បុរី ជាច្រើន ដូចជា អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នក អភិវឌ្ឍន៍ លំនៅឋាន កម្ពុជា និង ជា  ម្ចាស់បុរី វិមានភ្នំពេញ, អ្នកឧកញ៉ា លាង ឃុន ម្ចាស់បុរី  ជីប ម៉ុង លែន,  អ្នកឧកញ៉ា ថៃ ជាហួត ម្ចាស់ បុរី ប៉េង ហួត, អ្នកឧកញ៉ា ជាម ឃុនណាត ម្ចាស់ បុរី មេគង្គលែន, អ្នកឧកញ៉ា  សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ព្រម ទាំង អនុប្រធាន សមាជិក នៃសមាគម អ្នកអភិវឌ្ឍន៍ លំនៅឋាន កម្ពុជា ជា ច្រើន រូប ទៀត។

គួរជម្រាបថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹង គុណភាពបុរីនិងផ្ទះល្វែង ឡើងវិញ ព្រមទាំងជំរុញឱ្យសមាជិករបស់ខ្លួន សាងសង់ផ្ទះ សំណង់អគារ ដែលមានចរិតលក្ខណៈបែបរចនាបទ ខ្មែរ ព្រមទាំងផ្តល់ព័ត៌មាន ចាំបាច់ជុំវិញការរកស៊ីខុសច្បាប់របស់ក្រុមហ៊ុនខ្លះ ដែលឆ្មក់ឱកាសឆរបោកពលរដ្ឋ និងជួយជំរុញឱ្យមានការប្រកួតប្រជែកគ្នាផ្នែកតម្លៃ និងសេវាកម្ម ដែលជាប្រយោជន៍ ដើម្បីអតិថិជនទទួល ព័ត៌មាន ច្រើនជាងមុន និងមានជម្រើសល្អច្រើនជាងមុន។ លើសពីនេះ សមាគម ក៏នឹងមានការផ្សព្វផ្សាយ ជុំវិញ វិស័យលំនៅឋានឱ្យទូលំទូលាយ ដោះដូរបទពិសោធន៍រវាងសមាជិកព្រមទាំងចូលរួមដោះស្រាយបញ្ហា ផ្លូវច្បាប់  នានា ជូនអ្នកទិញរបស់ខ្លួនឱ្យបានច្រើនជាងមុន៕