ភ្នំពេញ ៖ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមនិយោជកចំនួន១៨ ផ្សេងទៀត ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធជាច្រើន។
តាមរយៈពិធីមួយនេះ នឹងបើកផ្លូវឱ្យមានការហាត់ការសម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យមានសមត្ថភាពជាក់លាក់ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថា ពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូលស្របតាមការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រកាសគាំទ្រការចុះអនុស្សរណៈនេះជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដើម្បីអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានជំនាញជាក់លាក់ច្បាស់លាស់សម្រាប់ធានាការប្រកួតប្រជែង និងទាក់ទាញការវិនិយោគបន្ថែម។
ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយវិស័យឯកជននេះ ធ្វើឡើងនៅមុនពេលដែលរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខនឹងប្រកាសដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈកម្រិត C1 ដល់ក្រុមយុវជនគោលដៅប្រមាណ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកម្ពស់ជីវភាពនិងកាត់បន្ថយការលំបាក។
គួរបញ្ជាក់ដែរថា កិច្ចសហការ និងការចុះអនុស្សរណៈយោគយល់ខាងលើនេះរួមមានក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ សភាពាណិជ្ជកម្មកម្ពុជា សមាគមវាយនភណ្ឌសំលៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា, សមាគមទេសចរណ៍, សមាគមសណ្ឋាគារកម្ពុជា, សហព័ន្ធចុងភៅកម្ពុជា, សមាគមភោជនីយដ្ឋានកម្ពុជា, និងសមាគមសហគ្រិនស្ត្រីកម្ពុជា រួមទាំងស្ថាប័នផ្សេងៗទៀតសរុបចំនួន១៨ស្ថាប័ន ដើម្បីសហប្រតិបត្តិការគ្នាលើការផ្តល់ការហាក់ការ និងកម្មសិក្សាដល់សិស្សដែលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស៕