សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ថ្លែងថា«នេះជាវេទិកាលើកទី១ ដែលត្រូវបានរៀបចំឡើងក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលក្នុងរយៈពេលតែ ៨៣ថ្ងៃ បន្ទាប់ ពីថ្ងៃឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រឹត្តិការណ៍នេះសបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល និងការផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច តាមរយៈការស្តាប់ និងទទួលយក នូវបញ្ហាប្រឈម មតិកែលម្អ និងសំណើអនុសាសន៍គោលនយោបាយពីមជ្ឈដ្ឋានធុរកិច្ច និងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ហើយពិចារណាផ្តល់ជូនដំណោះស្រាយជាគន្លឹះដ៏សមរម្យនាពេលនេះ»។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៤ ផ្នែកឯកជន នៃ “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន” ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន បានថ្លែងថា «វេទិកាសារៈសំខាន់ជាងពេលណាៗទាំងអស់យើងខ្ញុំសូមលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលបន្តគាំទ្រដល់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ វិស័យឯកជនយើងខ្ញុំនឹងបន្តធ្វើការជាមួយស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើឱ្យវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដ៏សំខាន់មួយនេះប្រកបដោយលទ្ធផលខ្ពស់»។
អ្នកឧកញ៉ា គិត ម៉េង «មុនពេលចាប់ផ្តើមកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩នេះ ក្រុមការងារវិស័យឯកជន ចំនួន១៤ បានជួបប្រជុំគ្នា ដើម្បីរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំក្រុមការងារផ្លូវការរបស់រាជរដ្ឋាភិបាល និងវិស័យឯកជន។ វិស័យឯកជនបានកំណត់បញ្ហា និងអនុសាសន៍សរុបចំនួន១៨៦ ដែលត្រូវយកមក ពិចារណាសម្រាប់របៀបវារៈ នៃក្រុមការងារទាំង១៤។ ក្នុងចំណោមបញ្ហាទាំងនេះ ក្រុមការងារបានដោះ ស្រាយបញ្ហា១៥០រួចហើយ។ បញ្ហាដែលនៅសល់ បច្ចុប្បន្នគឺកំពុងស្ថិតក្នុងការពិចារណា ហើយនឹងត្រូវ ដាក់ជាកម្មវត្ថុ នៃការពិចារណារបស់ក្រុមការងារនាពេលអនាគត»។
សូមជំរាបថា ក្រុមការងារទាំង ១៤នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ១) ក្រុមការងារ កសិកម្ម និង កសិឧស្សាហកម្ម «ក» ២) ក្រុមការងារ ទេសចរណ៍ «ខ» ៣) ក្រុមការងារ កម្មន្តសាល និង សហគ្រាសធុនតូច និងមធ្យម និងសេវា «គ» ៤) ក្រុមការងារ នីតិកម្ម ពន្ធដារ និង អភិបាលកិច្ច «ឃ» ៥) ក្រុមការងារ សេវាធនាគារ និង ហិរញ្ញវត្ថុ «ង»
៦) ក្រុមការងារដឹកជញ្ជូន និង ហេដ្ឋារចនាសម្ព័ន្ធ «ច» ៧) ក្រុមការងារ ផលិតកម្មកែច្នៃសម្រាប់ការនាំចេញ និង កិច្ចសម្រួលពាណិជ្ជកម្ម «ឆ» ៨) ក្រុមការងារ ទំនាក់ទំនងវិជ្ជាជីវៈ «ជ»៩) ក្រុមការងារ ស្រូវ-អង្ករ «ឈ» ១០) ក្រុមការងារ ថាមពល និង ធនធានរ៉ែ «ញ» ១១) ក្រុមការងារ អប់រំ «ដ» ១២) ក្រុមការងារ សុខាភិបាល «ឋ»១៣) ក្រុមការងារ សំណង់ និង អចលនទ្រព្យ «ឌ»១៤) ក្រុមការងារ ផ្នែកសេវាហិរញ្ញវត្ថុមិនមែនធនាគារ «ឍ»៕
ប្រភព : CNC