ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៤ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ខណៈអនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប។ នេះបើយោងតាមរបាយការណ៍ស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ចេញផ្សាយកាលពីថ្មីៗ។
វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។
អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវ- ទេសចរជាតិក៏រំពឹងថានឹងបន្តកើនឡើង។ អនុវិស័យលក់ដុំ-រាយ រំពឹងថានឹងបន្តនិន្នាការ កើនឡើង ដោយសារ ការរំពឹងទុកនូវការបន្តងើបឡើងវិញនូវចំណូលរបស់ប្រជាជន និងសកម្មភាពចាយវាយក្នុងស្រុកគួបផ្សំនិងការផ្លាស់ប្ដូរ ឥរិយាបថនៃអាជីវកម្ម ក៏ដូចជាសកម្មភាពទិញ-លក់ពីបែបប្រពៃណី (Brick-And-Morta) ដោយជំនួសមកវិញនូវ ការប្រើប្រាស់ថ្នាលឌីជីថល ដែលការណ៍នេះនឹងបន្តជំរុញបន្ថែមទៀតដល់សកម្មភាពប្រើប្រាស់ក្នុងស្រុក ជារួម។
អនុវិស័យដឹកជញ្ជូន និងគមនាគមន៍រំពឹងថានឹងបន្តកើនឡើង គាំទ្រដោយការបន្តងើបឡើងនៃសកម្មភាព ដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ស្របពេលដែលសកម្មភាពគមនាគមន៍ក៏នៅបន្តរក្សា និន្នាការល្អប្រសើរ ដោយសារការបន្តកើនឡើងនូវការប្រើប្រាស់អ៊ីនធឺណិត និងឌីជីថលក្នុងអាជីវកម្ម និងជីវភាព ប្រចាំថ្ងៃ ក្នុងគន្លងប្រក្រតីភាពថ្មី។
ទន្ទឹមនេះ ការដាក់ចេញ និងអនុវត្តនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» នឹងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងលើកកម្ពស់ ការប្រើប្រាស់ឌីជីថលនៅកម្ពុជា។ យ៉ាងណាមិញ, អនុវិស័យអចលនទ្រព្យ រំពឹងថានឹងបន្តនិន្នាការកើនឡើង ប៉ុន្តែក្នុងល្បឿនទាប ដោយសារការរំពឹងទុកការបន្តងើបឡើងវិញយឺតនៃរំហូរទុនវិនិយោគពីបរទេស និងកំណើនទាប នៃសកម្មភាពទិញ-លក់ អចលនទ្រព្យ ជារួម៕