បរទេស៖អ្នកជំនាញអចលនទ្រព្យនៅក្នុងទីផ្សារប្រទេសថៃត្រូវបានកាសែតបាងកកប៉ុស្តិ៍ដកស្រង់សំដីអំពីការព្យាករណ៍របស់ពួកគេនៅក្នុងស្ថានភាពទីផ្សារលំនៅដ្ឋាននៅក្នុងប្រទេសសម្រាប់ឆ្នាំក្រោយនេះ។
ក្រុមអ្នកជំនាញអចលនទ្រព្យភាគច្រើនបានមើលឃើញថាស្ថានភាពល្អប្រសើរនៃទីផ្សារលំនៅដ្ឋានអចលនទ្រព្យប្រទេសថៃនឹងមិនទាន់អាចងើបឡើងល្អប្រសើរវិញបានភ្លាមឡើយរហូតដល់ឆ្នាំ 2024 ហើយក៏ដោយសារបញ្ហាជាច្រើននៅក្នុងដំណើរការកំចីទិញផ្ទះផងនិងព្រមទាំងបញ្ហាអត្រាការប្រាក់ខ្ពស់ផង។
ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DNA លោក Surachet Kongcheep បាននិយាយថាទីផ្សារលំនៅដ្ឋាននៅក្នុងឆ្នាំនេះកំពុងប្រឈមមុខទៅនឹងបញ្ហាកំចីទិញផ្ទះទោះបីជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនបានខិតខំប្រឹងប្រែងក្នុងការជួយសម្រួលការងារដល់ក្រុមអតិថិជនគោលដៅនិងសក្តានុពលរបស់ពួកគេក្តី។
លោកបន្តថា៖ទោះបីជាក្រុមហ៊ុនបានសម្រេចបញ្ចុះតម្លៃលើគម្រោងលំនៅដ្ឋានជាច្រើនក្តីប៉ុន្តែក្រុមអ្នកទិញជាច្រើនមិនអាចទទួលបានកំចីទិញផ្ទះនិងតែងតែត្រូវបានបដិសេធពីបណ្តាធនាគារនិងមីក្រូហិរញ្ញវត្ថុដែលបញ្ចេញកំចីហើយអត្រាបដិសេធទាំងនោះអាចមានចន្លោះពី 40 ទៅ 50ភាគរយ។
ដោយឡែកលោក Vichai Viratkapan ប្រធានបណ្តោះអាសន្ននៃមជ្ឈមណ្ឌលផ្តល់ព័ត៌មានអចលនទ្រព្យរបស់ថៃ REIC ក៏បានលើកឡើងដែរថាទីផ្សារលំនៅដ្ឋានអចលនទ្រព្យក្នុងឆ្នាំនេះនឹងនៅតែបន្តការធ្លាក់ចុះទាំងការផ្គត់ផ្គង់និងតំរូវការដូចកាលពីឆ្នាំទៅដែរ៕