ភ្នំពេញ៖ ជាថ្មីម្ដងទៀត ក្រសួងមហាផ្ទៃបានណែនាំឱ្យអាជ្ញាធរខេត្តទាំងអស់ត្រូវពន្លឿនការផ្ដល់សេវារដ្ឋបាលមួយចំនួន និងមិនត្រូវយកកម្រៃសេវាស្នើសុំធ្វើលិខិតស្នាម ឬការបញ្ជាក់លិខិតស្នាមផ្សេងៗ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឡើយ។
ការណែនាំខាងលើនេះត្រូវបានធ្វើឡើងតាមរយៈសេចក្ដីប្រកាសមួយដែលបានចុះហត្ថលេខាដោយឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ដីពីការលើកលែងការបង់កម្រៃសេវា និងពន្លឿនការផ្តល់សេវារដ្ឋបាលមួយចំនួននៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ។
សេចក្តីប្រកាសនេះបានបញ្ជាក់ថា ក្នុងការចុះបញ្ជីដីធ្លី តម្រូវឱ្យប្រជាពលរដ្ឋរៀបចំឯកសារភ្ជាប់មួយចំនួន ក្នុងនោះក៏មានឯកសារភ្ជាប់ដែលស្ថិតក្រោមសមត្ថកិច្ចពិនិត្យសម្រេចរបស់រដ្ឋបាលឃុំ-សង្កាត់ និងរដ្ឋបាលក្រុង ស្រុក ខណ្ឌដូចជា ការធ្វើនីត្យានុកូលកម្មលើឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ការចេញសេចក្ដីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ និងសេចក្ដីចម្លងសំបុត្រមរណភាព ឬសំបុត្របញ្ជាក់មរណភាព និងការចេញលិខិតបញ្ជាក់ទាយាទជាដើម។
ឯកឧត្តម ស សុខា បញ្ជាក់ក្នុងសេចក្ដីប្រកាសថា៖ «ហេតុដូច្នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការចុះបញ្ជីដីធ្លីនេះក្រសួងមហាផ្ទៃ សូមស្នើឱ្យអាជ្ញាធរខេត្ត អនុវត្តការងារមួយចំនួនដូចជាណែនាំដល់រដ្ឋបាលឃុំ-សង្កាត់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រៀបចំ និងដាក់ចេញដីកាស្ដីពីការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លីត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ-សង្កាត់នីមួយៗ»។
ជាមួយគ្នានេះឯកឧត្តម បានណែនាំរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ-សង្កាត់ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្ដល់សេវារដ្ឋបាលនានា ដែលបម្រើឱ្យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ឯកឧត្តម សង្កត់ធ្ងន់ថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់តាំងក្រុមការងារចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំលើការអនុវត្តការងារនេះ ព្រមទាំងត្រូវធ្វើរបាយការណ៍ឱ្យបានជាក់លាក់មកអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នេះបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្មឱ្យកាន់តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមានគោលនយោបាយដីធ្លី ៣ ចំណុចរួមមានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្ដល់សេវារដ្ឋបាលដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ៕