ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរណ៍នៅថ្ងៃសម្ពោធន៍អគារធនាគារវីងរបស់អ្នកឧកញ៉ា គិត ម៉េង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញដែលត្រូវបានចែកចាយនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះបានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នឹងរៀបចំពិធីសម្ពោធអគារធនាគារវីងថៅវើ មានទីតាំងស្ថិតនៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។

នៅក្នុងឱកាសខាងលើនេះ ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសនូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុបសណ្ឋាគារ ស ដល់ស្តុបបេកាសេ) និងលើកំណាត់មហាវិថីកម្ពុជាក្រោម (ចាប់ពីផ្សារធំថ្មីរហូតដល់ស្តុបថ្មដា ) ព្រមទាំងបរិវេណជុំវិញទីតាំងប្រារព្វពិធីចាប់ពីវេលាម៉ោង ០៥ៈ ០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្វពិធីមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ត រដ្ឋបាលសាលារាជធានីភ្នំពេញនឹងបើកឱ្យចរាចរណធម្មតាវិញ៕