ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមនុស្សទូទៅស្គាល់ថាជាកំពូលមហាសេដ្ឋីនៅកម្ពុជា ដោយមានមុខជំនួញធំៗជាច្រើននៅក្នុងដៃដែលមានតម្លៃសរុបរហូតដល់រាប់ពាន់លានដុល្លារ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមដំបូលក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទើបតែសម្ពោធអគារធនាគារ វីង ថៅវើ ដែលមានកម្ពស់២៥ជាក់ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំកំពូលជាច្រើនរូប។
ជាមួយគ្នានេះ ជាការចែករំលែក តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ អ្នកឧកញ៉ាបានផ្តល់ជូននូវគន្លឹះចំនួន ១១ចំណុច សម្រាប់ការអភិវឌ្ឍខ្លួនឱ្យក្លាយជាមនុស្សដែលមានគុណតម្លៃនៅក្នុងសង្គម ដែលទទួលបានការស្វាគមន៍ និងគាំទ្រពីសំណាក់មនុស្សនៅជុំវិញខ្លួន ក៏ដូចជាដៃគូអាជីវកម្មផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា មនុស្សយើងប្រាស្រ័យទាក់ទងគ្នាគ្រប់ពេលវេលា ហើយនៅពេលដែលយើងជួបអ្នកដទៃ យើងត្រូវបង្ហាញខ្លួនយើងប្រកបដោយភាពវិជ្ជមាន និងប្រកាន់យកអាកប្បកិរិយាដែលសង្គមអាចទទួលយកបាន។ ជាទូទៅ អាកប្បកិរិយាទាំងនេះគឺជាជំនឿ និងឥរិយាបថដែលមិនត្រូវបានកត់ត្រាជាក្បួនច្បាប់អ្វីទេ ហើយត្រូវបានចាត់ទុកថាអាចទទួលយកបាននៅក្នុងវប្បធម៌ជាច្រើន។
១. សូមរក្សាជានិច្ចនូវ”ស្នាមញញឹមរបស់អ្នក” នៅគ្រប់ទីកន្លែងដែលអ្នកទៅ។ ស្នាមញញឹមផ្តល់ភាពវិជ្ជមានដល់មនុស្សដែលអ្នកបានជួប និងដល់ខ្លួនអ្នកផ្ទាល់ផងដែរ។
២. និយាយថា “សូមអធ្យាស្រ័យ និងអរគុណ”។ ការរក្សាឥរិយាបថល្អតែងតែត្រូវបានគេកោតសរសើរគ្រប់ទីកន្លែង។
៣. នៅពេលដែលនរណាម្នាក់កំពុងនិយាយដោយផ្ទាល់ទៅកាន់អ្នក សូមស្តាប់ដោយការយកចិត្តទុកដាក់។
៤. កុំកាត់សម្តីអ្នកដទៃពេលគេកំពុងនិយាយ។ និយាយអ្វីដែលអ្នកចង់បញ្ជាក់ បន្ទាប់ពីពួកគាត់បញ្ចប់ការនិយាយរបស់ពួកគាត់។
៥. រឿងពីរដែលអ្នកមិនគួរផ្តល់ឲ្យ លុះត្រាតែមានការស្នើសុំទៅអ្នក នោះគឺ យោបល់ និងដំបូន្មាន។
៦. កុំក្បត់នឹងពាក្យសន្យារបស់អ្នក ឬកុំសន្យា ប្រសិនបើអ្នកមិនប្រាកដថាអ្នកអាចរក្សាការសន្យានោះបាន។
៧. កុំវាយតម្លៃនរណាម្នាក់ដោយគ្រាន់តែឃើញសម្បកខាងក្រៅ។
៨. និយាយពាក្យសុំទោសនៅពេលដែលអ្នកធ្វើខុស។
៩. កុំទៅជិតរហូតប៉ះអ្នកដទៃ និងគោរពឯកជនភាពអ្នកដទៃ។
១០. សូមឆ្លើយតបទៅនឹងអ្នកដែលបានអញ្ជើញអ្នក ដើម្បីឲ្យដឹងថាអ្នកនឹងចូលរួមការអញ្ជើញនោះបានឬអត់។
១១. ត្រូវគោរពពេលវេលាដែលអ្នកកំណត់។
១២. ត្រូវតម្រង់ជួរជានិច្ច។