ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះធនាគារ វីង ដែលបានសហការជាមួយក្រសួង-ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមចំណែកដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអាទិភាពនានារបស់រាជរដ្ឋាភិបាល។
សម្តេចធិបតី បានវាយតម្លៃដូច្នេះ នៅក្នុងពិធីសម្ពោធជាផ្លូវការអគារធនាគារ វីង ថៅវើ  ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារវីង មានកម្ពស់ ២៥ ជាន់ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។

 

សម្តេចធិបតី មានប្រសាសន៍បន្តថា តាមរយៈការជួយអនុវត្តគោលនយោបាយគាំពារសង្គម គិតចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ ខែតុលា ឆ្នាំ២០២៣ ធនាគារ វីង បានសម្រួលក្នុងការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដល់ប្រជាជនប្រមាណ ៨០ ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនចំនួនជាង ៣,៣ លាននាក់, តាមបណ្ដាញភ្នាក់ងារវីងជាង ១៥ ០០០ កន្លែង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការវិវឌ្ឍរបស់ធនាគារវីង បានគាំទ្រ និងជួយជំរុញដំណើរប្រព្រឹត្តទៅនៃរដ្ឋាភិបាលអេឡិចត្រូនិក (e-Government) របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទូទាត់សេវាកម្មរដ្ឋ និងសាធារណៈជាច្រើន ហើយនាពេលថ្មីៗនេះ ធនាគារបានធ្វើកិច្ចសហការជាមួយក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានព្រមព្រៀងផ្តល់កម្ចីឥណទានប្រមាណ ៥ លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ដើម្បីជួយដល់ប្រជាកសិករ ក៏ដូចជា អ្នកជំនួញក្នុងវិស័យកសិកម្ម សំដៅលើកកម្ពស់កម្លាំងថាមពលនៅក្នុងការជួយជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យបានបោះជំហានទៅមុខមួយកម្រិតទៀត ។

លើសពីនេះ ធនាគារវីង ក៏បានបង្កើតភាពជាដៃគូសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជួយសម្រួលទៅដល់យុវជនឱ្យទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ក្នុងការបង្កើនជីវភាពប្រចាំថ្ងៃរបស់ពួកគេ តាមរយៈការទទួលបានបទពិសោធន៍ហិរញ្ញវត្ថុនៃធនាគារឌីជីថលទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យធនាគារដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ប្រៀបបានទៅនឹងបេះដូងដែលប្រមូល និងបញ្ចេញឈាម សម្រាប់ចិញ្ចឹមរាង្គកាយមនុស្ស នោះដែរ។ ទន្ទឹមនឹងនេះ ការសម្រេចវិនិយោគសាងសង់អគារខ្ពស់ទំនើបទាន់សម័យរបស់ធនាគារវីង បានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងនាំមកនូវវិបុលភាពសម្រាប់សង្គមជាតិយើង ព្រមទាំងបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់វិនិយោគិនឯកជន និងក្រុមប្រឹក្សាភិបាលធនាគារ មកលើបរិយាកាសធុរកិច្ច, ភាពរឹងមាំ និងភាពធន់របស់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។


បច្ចុប្បន្នធនាគារ វីង មានការិយាល័យប្រតិបត្តិការចំនួន ២១ទីតាំង រួមជាមួយបណ្តាញវីង ១៥.០០០ កន្លែង ដែលបានបម្រើសេវាកម្មទៅដល់អ្នកប្រើប្រាស់ជាង ១៤,៥លានគណនី។ សមិទ្ធផលដ៏គួររឲ្យកត់សម្គាល់នេះអាចសម្រេចទៅបានដោយសារកម្លាំងសាមគ្គី និងការចូលរួមរបស់ក្រុមការងារ និងបុគ្គលិកទាំងអស់ ដែលបច្ចុប្បន្នមានចំនួនជិត ៣ ០០០នាក់ ជាមួយនឹងការយកចិត្តទុកដាក់ចំពោះសមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចទៅដល់ស្រ្តីនៅក្នុងវិស័យធនាគារ។

បន្ថែមលើនេះ កិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូធំៗជាច្រើនដូចជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Prudential (Cambodia) Life Assurance ក្រុមហ៊ុន UnionPay ក្រុមហ៊ុនវីសា និងក្រុមហ៊ុនម៉ាស្ទ័រកាត ក្រុមហ៊ុន Alipay ក្រុមហ៊ុន WeChat ក្រុមហ៊ុន MoneyGram ក្រុមហ៊ុន Western Union ក្រុមហ៊ុន Ria និងក្រុមហ៊ុនOracle ជាដើម បានធ្វើឲ្យធនាគារ វីង អាចបង្កើតបានជាប្រព័ន្ធធនាគារដ៏រឹងមាំមួយ។ ភាពជាដៃគូទាំងនេះបានបង្កើតជាទិដ្ឋភាពហិរញ្ញវត្ថុមួយដែលផ្សាភ្ជាប់គ្នាទៅវិញទៅមកឥតអាក់ខាន ហើយបានជួយឲ្យអាជីវកម្មចំនួន ១៧០ ០០០ ស្ថាប័នរដ្ឋាភិបាលចំនួន ១០ស្ថាប័ន សហគ្រាសធុនតូច និងមធ្យមចំនួន ៣ ០០០ សហគ្រាស និងក្រុមហ៊ុនឯកជនចំនួន ៦០០ ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធធនាគារដ៏រឹងមាំមួយនេះ៕