បាងកក ៖ អចលនទ្រព្យថៃនៅតែបន្តជួបបញ្ហា ហើយមិនទាន់ត្រឡប់មករកភាពធូរស្រាលវិញនៅឡើយគិតត្រឹមចុងឆ្នាំ២០២៣នេះ។ ទោះបីជាយ៉ាងណាក្តី គេសង្កេតឃើញថា ទីផ្សារមួយចំនួនអាចនឹងងើបឡើងវិញបន្តិច ជាពិសេសទីផ្សារខុនដូដែលមានតម្លៃធូរថ្លៃ។ នេះបើយោងតាមការអ្នកជំនាញអចលនទ្រព្យបានអះអាងកាលពីដើមសប្តាហ៍នេះ។
លោកស្រី Sumitra Wongpakdee ប្រធានក្រុមហ៊ុនអចលនទ្រព្យ Terra Media and Consulting បាននិយាយថា តម្លៃខុនដូដែលមានតម្លៃធូរថ្លៃជាង៨០ម៉ឺនបាតក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០២៣នេះបានក្លាយទៅជាផលិតផលដែលអាចលក់ចេញបានលឿនជាងគេបំផុត ឬស្ថិតនៅក្នុងអត្រា២៥,៦យូនីតក្នុងមួយគម្រោងនិងជារៀងរាល់ខែ។
លោកស្រីបានលើកឡើងបែបនេះថា៖កត្តាសំខាន់ៗដែលបានចូលរួមក្នុងការកើនឡើងនៃតំរូវការខុនដូតម្លៃធូរថ្លៃនោះក៏ដោយសារតែវាអាចផ្គូរផ្គង់ទៅនឹងអតិថិជនបច្ចុប្បន្នកំពុងមានចំណូលធ្លាក់ចុះ ខណៈដែលបណ្តាញធ្វើដំណើរក្នុងទីក្រុងទៅកាន់តំបន់ជាយក្រុងដែលមានតម្លៃទាបធ្វើឲ្យខុនដូតម្លៃទាបមានចំនួនផ្គត់ផ្គង់ច្រើនជាងមុន។
គួរឥ្យដឹងដែរថា ចំនួនខុនដូថ្មីដែលផ្គត់ផ្គង់ក្នុងទីផ្សារដែលមានតម្លៃទាបជាង៨០ម៉ឺនបាតក្នុងមួយម៉ែត្រការ៉េកាលពីឆ្នាំ២០២០បានធ្លាក់ចុះមកត្រឹមតែ១៨,០០០យូនីត ពី ៣០,០០០យូនីតកាលពីឆ្នាំ២០១៩។
ទោះបីជាយ៉ាងណាក្តី វាបានបន្តធ្លាក់ចុះទៅដល់ ១៦,០០០យូនីតក្នុងឆ្នាំ២០២១ ប៉ុន្តែកើនឡើងខ្លាំង២ដងត្រឡប់មកវិញដល់ទៅ ៣៤,០០០យូនីតក្នុងឆ្នាំ២០២២ និងប្រមាណជា ២៨,០០០យូនីតក្នុងឆ្នាំ២០២៣៕