ក្រចេះ ៖ គម្រោងស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ រហូតមកដល់បច្ចុប្បន្ន ការសាងសង់តួស្ពានសម្រេចបាន ៤៥% ដែលគ្រោងនឹងបញ្ចប់នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ១៥%ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ពានឆ្លងទន្លេមេគង្គ។ បានឱ្យដឹងទៀតថា ជារួម វឌ្ឍនភាពគម្រោងជារូបវ័ន្តទាំងមូល គឺសម្រេចបានប្រមាណជិត ៣០ %។ តួលេខនេះបានបង្ហាញឱ្យឃើញថា គម្រោងកំពុងមានវឌ្ឍនភាពក្នុងទិសដៅវិជ្ជមានទៅតាមការរំពឹងទុក។

គួរជម្រាបថា ឯកឧត្តម លឹម ស៊ីដេនីន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលមានការចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រុមការងារអនុវត្តគម្រោង តំណាងមន្ទីរសាធា រណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តម លឹម ស៊ីដេនីន បានធ្វើការណែនាំទៅកាន់ក្រុមហ៊ុនសាងសង់ ក៏ដូចជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ត្រូវធ្វើឱ្យប្រសើរឡើងនូវវិធីសាស្រ្តសាងសង់ (Construction Method Statement) ពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន និងត្រូវបំពាក់អំពូលបំភ្លឺពេលយប់នៅគ្រប់សសរស្ពានផងដែរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការនាយកគម្រោង ក៏បានជំរុញឱ្យក្រុមហ៊ុនសាងសង់ដាក់បន្ថែមគ្រឿងចក្រ និងអនុវត្តតាមប្រតិទិនការងារឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាល្អសម្រាប់ការធ្វើស្រទាប់គ្រឹះផ្លូវ ហើយរាល់ដំណាក់កាលការងារនីមួយៗ ត្រូវធ្វើតេស្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់។

គួររំលឹកថា ៖ ស្ពានឆ្លងទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់នេះមានប្រវែងសរុបប្រមាណ ៣៣,៤៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B នឹងត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងមានផ្លូវតភ្ជាប់ទៅក្រុងក្រចេះមានប្រវែងប្រមាណ ៣១,៦៩គីឡូម៉ែត្រ។ គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ សៀងហៃ ដែលគ្រោងនឹងចំណាយពេលវេលាប្រមាណ ៤២ខែ ដើម្បីបញ្ចប់ការសាងសង់ឱ្យរួចរាល់។

ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះជាផ្នែកមួយនៃផ្លូវជាតិលេខ៦០B តភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ ព្រមទាំងដើរតួជាប្រព័ន្ធដឹកជញ្ជូនដ៏សំខាន់រវាងផ្លូវជាតិលេខ៦ លេខ៧ លេខ៧១ និងលេខ៧៣ ដែលបន្ទាប់ពីសាងសង់រួចនឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទបានកាន់តែលឿនទៅកាន់ទីផ្សារ៕