ភ្នំពេញ ៖ បច្ចុប្បន្ននេះ កម្ពុជា បាន និងកំពុង ជំរុញ ការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថល នៅតាម ក្រសួង ដើម្បី ផ្តល់ សេវាសាធារណៈ ឱ្យ កាន់តែ ប្រសើរ និងប្រែក្លាយកម្ពុជាឆ្ពោះទៅកាន់ការដឹកនាំប្រទេស
តាមបែបរដ្ឋាភិបាលឌីជីថលស្របទៅនឹងបរិយាកាសពិភពលោកនាពេលបច្ចុប្បន្នដើម្បីអាចប្រកួតប្រជែង និងនាំមកនូវការអភិវឌ្ឍរីកចម្រើនកាន់តែប្រសើរឡើង។

 

ជាចំណែកមួយមិនអាចខ្វះបាន មជ្ឈមណ្ឌលផ្ទុកទិន្នន័យពិតជានឹងក្លាយទៅជាតួអង្គដ៏សំខាន់ក្នុងផែនការដ៏សំខាន់នេះ ក្នុងនាមជាអ្នករក្សាទុកនូវទិន្នន័យ ព្រមទាំង
អាចអនុញ្ញាតឲ្យរដ្ឋាភិបាលឌីជីថលប្រតិបត្តិការទៅបានយ៉ាងរលូន។

ក្នុងពេលវេលាជាមួយគ្នានេះដែរ ដំណឹងដ៏គួរឲ្យរីករាយមួយត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC កាលពីពេលថ្មីៗនេះ ដោយមានគម្រោងវិនិយោគធំៗចំនួន
២មានទឹកប្រាក់ប្រមាណជា១៣០លានដុល្លារត្រូវបានអនុម័តដើម្បីអាចផ្តល់សិទ្ធិក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យចំនួន២កន្លែងនៅរាជធានីភ្នំពេញ។

គួរឲ្យដឹងដែរថា គម្រោងអគារទិន្នន័យ២នេះស្ថិតនៅក្នុងចំណោមគម្រោងទាំង៣៧គម្រោង
ដែលមានទំហំដល់ទៅ១២០០លានដុល្លារ និងត្រូវបានកម្ពុជាអនុម័តកាលពីខែកុម្ភៈកន្លងទៅនេះ។

CDC សរសេរថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មសរុបមានទៅដល់៣៧គម្រោង
ដោយក្នុងនោះគម្រោងដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២៤គម្រោង ។ ក្រៅពីនោះគេសង្កេតឃើញថាគម្រោងចំនួន១៣ទៀតដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ។ CDC បានប៉ាន់ស្មានថា គម្រោងសរុបមានទំហំវិនិយោគទៅដល់១២០០លានដុល្លារ
និងអាចបង្កើតការងារថ្មីចំនួនដល់ទៅ៣៨ពាន់កន្លែង។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺគម្រោងធំៗចំនួន៤ រួមានដូចជា ទី១ គម្រោងសាងសង់វារិអគ្គិសនី ស្ថិតនៅខេត្តកោះកុង មានទំហំវិនិយោគ
៤៤០លានដុល្លារ និងអាចបង្កើតការងារចំនួន២២០កន្លែង។

គម្រោងធំទី២ គម្រោងសាងសង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនៅខេត្តកំពង់ឆ្នាំង មាន
ទំហំវិនិយោគ១០៨លានដុល្លារ អាចបង្កើតការងារ១១៥កន្លែង និងជាបន្តបន្ទាប់ទៀតមានដូចជាគម្រោងបង្កើត មជ្ឈមណ្ឌលទិន្នន័យដែលមានទំហំ១០៧លានដុល្លារ អាចបង្កើតការងារ៤៥កន្លែង និងចុងក្រោយជាគម្រោង
ធំទី៤ គឺជាការបង្កើត មជ្ឈមណ្ឌលទិន្នន័យដូចគ្នា ប៉ុន្តែស្ថិតនៅក្នុងរាជធានីភ្នំពេញដែលមានទុន
វិនិយោគ៣០លានដុល្លារ និងអាចបង្កើតការងារថ្មី៤៣កន្លែង៕