បរទេស៖ យោងតាមប្រភពព័ត៌មានពី AP News បានរាយការណ៍ថា ការផលិត និងការវិនិយោគរបស់ប្រទេសចិនមានភាពប្រសើរឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ខណៈដែលវិស័យអចលនទ្រព្យនៅតែមានភាពទន់ខ្សោយនៅក្នុងសេដ្ឋកិច្ច។
កាលពីថ្ងៃចន្ទកន្លងទៅនេះ ការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា ទិន្នផលឧស្សាហកម្មបានកើនឡើង ៧ ភាគរយពីខែមករាដល់ខែកុម្ភៈ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការកើនឡើងនេះមានភាពប្រសើរជាងការព្យាករណ៍របស់អ្នកវិភាគ។ លើសពីនេះ ការវិនិយោគទ្រព្យសកម្មថេរដែលរាប់បញ្ចូលទាំងការចំណាយលើគ្រឿងម៉ាស៊ីន និងឧស្សាហកម្មបានកើនឡើង ៤,២ ភាគរយ ។ យ៉ាងណាមិញ វិស័យអចលនទ្រព្យនៅតែមានភាពយឺតយ៉ាវ ដោយការវិនិយោគលើអចលនទ្រព្យពីខែមករាដល់ខែកុម្ភៈបានធ្លាក់ចុះ ៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះបីជាទីផ្សារអចលនទ្រព្យកំពុងស្ថិតក្នុងស្ថានភាពដែលចាំបាច់ត្រូវការកែតម្រូវ និងការផ្លាស់ប្តូរ ប៉ុន្តែនៅក្នុងសម័យប្រជុំនីតិប្បញ្ញត្តិប្រចាំឆ្នាំរបស់ប្រទេសចិននៅដើមខែនេះ បានលើកឡើងពីគោលនយោបាយលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និងសុខភាពល្អ។
ក្នុងអំឡុងពេលកិច្ចប្រជុំសភា បណ្តាមេដឹកនាំរបស់ចិនបានសន្យាថានឹងកែលម្អគោលនយោបាយវិស័យអចលនទ្រព្យ រួមទាំងការបង្កើនការផ្តល់ហិរញ្ញប្បទានដល់អ្នកអភិវឌ្ឍន៍ និងការកសាងលំនៅដ្ឋានដែលមានតម្លៃសមរម្យជាងមុន។ ការិយាល័យស្ថិតិជាតិចិនលើកឡើងថា ការលក់រាយបានកើនឡើង ៥,៥ ភាគរយ ហើយតម្លៃអ្នកប្រើប្រាស់បានកើនឡើងជាលើកដំបូងចាប់តាំងពីខែសីហា។ បន្ថែមពីនេះ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើង ០,៧ ភាគរយ ក្នុងខែកុម្ភៈ បន្ទាប់ពីតម្លៃធ្លាក់ចុះជាច្រើនខែ។
លោក Louise Loo មកពីក្រុមហ៊ុន Oxford Economics និយាយថា ការនាំចេញដ៏រឹងមាំពេញមួយខែបានជួយរក្សាចង្វាក់ដ៏សំខាន់នៅក្នុងផលិតកម្មឧស្សាហកម្មនៅក្នុងខែនេះ ខណៈដែលការវិនិយោគលើទ្រព្យសកម្មថេរទំនងជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលនៅដើមឆ្នាំនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីរបស់ចិន ដែលជាបុណ្យធំបំផុតប្រចាំឆ្នាំនបណ្តាលឱ្យការចំណាយកើនឡើងជាបណ្ដោះអាសន្ន ប៉ុន្តែបើសិនគ្មានការចំណាយបន្ថែមពីរដ្ឋាភិបាលទៀតទេ នោះវានឹងមានបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដ៏រឹងមាំ។
ទន្ទឹមនឹងនេះ អ្នកជំនាញកំពុងព្រួយបារម្ភថា ការកំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយសម្រាប់ឆ្នាំ ២០២៤ របស់ទីក្រុងប៉េកាំងអាចនឹងក្លាយជាបញ្ហាប្រឈម។ លោក Zichun Huang សេដ្ឋវិទូចិនប្រចាំក្រុមហ៊ុន Capital Economics រំពឹងថា ការជំរុញពីគោលនយោបាយអាចនឹងធ្វើឲ្យសន្ទុះសេដ្ឋកិច្ចនឹងប្រសើរឡើងបន្ថែមទៀត ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីខាងមុខប៉ុណ្ណោះ ដោយសារតែបញ្ហាប្រឈមរចនាសម្ព័ន្ធមូលដ្ឋានរបស់សេដ្ឋកិច្ច។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបន្ទាប់ពីការរាតត្បាតត្រូវបានរារាំងដោយកត្តាផ្សេងៗ ហើយការធ្លាក់ចុះនៃវិស័យអចលន្យទ្រព្យគឺជាការធ្លាក់ចុះដ៏ធំបំផុត។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ការខ្ចីប្រាក់ច្រើនហួសហេតុរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយការកែតម្រូវក្នុងការសាងសង់អចលនទ្រព្យគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
បញ្ហាដែល ព្រួយ បារម្ភមួយទៀត គឺវិស័យ ការងារ ដោយសារអត្រាអ្នកអត់ការងារធ្វើនៅទីក្រុងមានអត្រា ៥,២ ភាគរយ ខណៈដែល ១៤,៦ ភាគរយនៃយុវជនជនជាតិចិនដែលមានអាយុពី ១៦ ទៅ ២៤ ឆ្នាំគឺជាអ្នកអត់ការងារធ្វើ។ យុវជនចិនភាគច្រើនពិបាកក្នុងការស្វែងរកការងារបន្ទាប់ពីជំងឺរាតត្បាត និងការ រឹតបន្តឹងលើក្រុមហ៊ុនបច្ចេកវិទ្យាដែលប៉ះពាល់ដល់ការវិនិយោគក្នុងអាជីវកម្មឯកជន៕