កណ្ដាល : ឆ្នាំ២០២៤នេះនឹងក្លាយទៅជាឆ្នាំដ៏មានសកម្មភាពមមាញឹកបំផុតមួយសម្រាប់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បូករួមទាំងការបើកដំណើរការរោងចក្រ
ផលិតរថយន្តតូយ៉ូតា Toyota Tsuho Manufactruing (Cambodia) Co.,Ltd ព្រមទាំងរោងផលិតគ្រឿងអលង្កា
ពីសំណាក់ក្រុមហ៊ុនអ្នកវិនិយោគបារាំង Metal Jewelry (Cambodia) Co., Ltdផងដែរ។

បន្ថែមពីលើនេះក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក៏ទើបតែបានប្រកាសពីគម្រោងបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយកន្លែងទៀតដែលមានទីតាំងស្ថិតនៅ
លើទឹកដីខេត្តកណ្តាល RGKSEZ ដែលមានផ្ទៃក្រឡាសរុបដល់ទៅ១២០ហិកតាផងដែរ។ តំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងទឹកដីខេត្តកណ្តាលនេះត្រូវបាន
ចាត់ទុកថាជាការពង្រីកតំបន់យុទ្ធសាស្ត្របន្តិចចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ឬ RGPPSEZ ដោយតភ្ជាប់គ្នាតាមរយៈស្ពានស្ទឹងព្រែកត្នោតថ្មីដែលបានបញ្ចប់ការសាងសង់តាំងពីឆ្នាំ២០២២មកម្ល៉េះ។

យោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានឲ្យដឹងដែរថា RGKSEZ បានទទួលគម្រោងមួយចំនួនរួចមកហើយនៅក្នុងឆ្នាំនេះហើយជាក់ស្តែងខណៈដែលតម្រូវការមានកំណើនខ្ពស់នោះផ្ទៃដីប្រមាណជា១០០ហិកតានៃតំបន់សេដ្ឋកិច្ចថ្មីនេះបានទទួលការកក់រួចមកហើយពីសំណាក់ក្រុមហ៊ុនដែលកំពុងដំណើរការរបស់ខ្លួនរួចទៅហើយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ RGPPSEZដោយសង្ឃឹមថាការវិនិយោគថ្មីនេះនឹងអាចបង្កើនការងារជូនពលរដ្ឋកម្ពុជាដល់ទៅ២០០០០កន្លែង។

គួរឲ្យដឹងដែរថា ក្រៅតែពីគម្រោងពង្រីកប្រតិបត្តិការបន្ថែមហើយនោះតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះនឹងដាក់ការប្តេជ្ញាចិត្តក្នុងការទាក់ទាញយកគម្រោង វិនិយោគប្រភេទថ្មីៗផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការគាំពារបរិស្ថាន ការផលិតបន្ទះសូឡា ការបង្កើតរោងចក្រគ្រប់គ្រងទឹកស្អាត ក៏ដូចជារោងចក្រកែច្នៃកាកសំណល់ប្លាស្ទិកធ្វើយ់ាងណាធ្វើឲ្យតំបន់សេដ្ឋកិច្ចនេះនឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសដែលមិនបំភាយឧស្ម័នកាបូនិកសោះ ឬ Zero Emission SEZ ឲ្យបានត្រឹមឆ្នាំ២០២៤នេះ៕