ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អាស៊ាន បានក្លាយជាតំបន់មានសេដ្ឋកិច្ចធំជាងគេទី៥ នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចនៅពេលប្រឈមនឹងភាពមិនប្រាកដប្រជាសកល ខណៈដែលការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូក ៣ (AMRO)បានព្យាករថា អាស៊ាននឹងមានកំណើនសេដ្ឋកិច្ច ៤,៣% ក្នុងឆ្នាំ២០២៣ និង ៤,៩% ក្នុងឆ្នាំ២០២៤ ដែលការណ៍នេះគូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ក្នុងការក្លាយទៅជាស្នូលនៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេងទៀត ជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកបដោយជីវភាពនៃពាណិ ជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា ។

សម្តេចធិបតី បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានជាមួយប្រទេសសេដ្ឋកិច្ចធំៗ ដូចជា ៖ អូស្ត្រាលី នូវែលហ្សេឡង់ ចិន ជប៉ុន ឥណ្ឌា និងកូរ៉េ បង្ហាញអំពីការតម្រង់ទិសប្រកបដោយជោគជ័យរបស់អាស៊ាននៅក្នុងទិដ្ឋភាព ភាពជាដៃគូសេដ្ឋកិច្ច។ អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។ សមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើងនៅទូទាំងតំបន់កើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនឹងការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដែរថា ចាប់តាំងពីបង្កើតជាសមាគមប្រជាជនអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ១៩៦៧ ការវិវត្តន៍របស់សមាគមអាស៊ាន គឺជាគំរូនៃកិច្ចសហការតំបន់ និងវឌ្ឍនភាព សេដ្ឋកិច្ចប្រកប ដោយចីរភាព។ បច្ចុប្បន្ននេះជាមួយនឹងសមាជិកចំនួន១០ប្រទេស អាស៊ានបានពង្រឹងជំហររបស់ខ្លួនក្នុងនាមជាកម្លាំងសេដ្ឋកិច្ចក្នុងសកលលោកដែលមានកំណើនរឹងមាំ កម្លាំងពលកម្មពោលពេញដោយចីរភាព និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មជាលំដាប់។

សម្តេចធិបតី បានបន្ថែមថា អភិក្រមពហុទិដ្ឋភាពនេះជំរុញឱ្យមានបរិយាកាសសេដ្ឋកិច្ចប្រកបដោយភាពធន់ ស្ថិរភាព និងភាពអាចប៉ាន់ប្រមាណបាន ដែលមានសារៈសំខាន់ សម្រាប់កំណើនប្រកបដោយចីរភាព។ លើសពីនេះ ការផ្តល់សច្ចាប័នទៅលើកិច្ចព្រមព្រៀងអាសិប (RCEP) បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ានក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងបង្កើនសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបានបញ្ជាក់ដែរថា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន គឺត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្លាំងពលកម្មជំនាញ ដើម្បីប្រែក្លាយតំបន់អាស៊ានឱ្យទៅជាមជ្ឈ មណ្ឌលពាណិជ្ជកម្ម និងការវិនិយោគដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមា ជិកជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែម និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕