ធនាគារ វីង សាខាខេត្តតាកែវ ផ្តល់ជូនសេវាកម្មធនាគារពេញលេញ ជាមួយនឹងអគាការិយាល័យថ្មីដ៏ទំនើប
ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា បានបើកសម្ពោធសាខាថ្មីក្នុងខេត្តតាកែវ ដែលផ្តល់ជូននូវសេវាកម្មធនាគារពេញលេញទៅដល់អតិថិជន។
ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមនាព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានវត្តមានឥស្សរជនជាច្រើនរូបរួមមាន៖ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួត ពិនិត្យ ធនាគារជាតិ នៃកម្ពុជា, ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ, ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំងការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានលើកឡើងថា៖ “ការដាក់ឱ្យដំណើរការសាខាខេត្តតាកែវគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការបំពេញបេសកម្មរបស់យើងឆ្ពោះទៅរកការពង្រីកវិសាលភាព ព្រមទាំងគាំទ្រទៅដល់សហគមឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅទូទាំងប្រទេសកម្ពុជា។”
លោក ហាន ប៉េងក្វាង បានបន្តទៀតថា៖ “យើងខ្ញុំប្តេជ្ញាចិត្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចតាម រយៈការផ្តល់សេវាកម្មធនាគារដែលងាយស្រួលប្រើប្រាស់ជូនទៅដល់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ។”
ធនាគារ វីង មានគោលបំណងបំពេញតម្រូវការសេវាកម្មធនាគារទៅដល់សហគមដែលកំពុងរីកចម្រើននៅក្នុងខេត្តតាកែវ ដែលបច្ចុប្បន្នមានប្រជាជនប្រមាណជាង១លាននាក់ ហើយមានចំងាយត្រឹមតែប្រមាណ៧៨គីឡូម៉ែត្រពីរាជធានីភ្នំពេញប៉ុណ្ណោះ។ សាខាថ្មីរបស់ធនាគារ វីង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ២ ដែលមានចំងាយប្រហែលត្រឹមតែ៤៥០ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលវិមានឯករាជ្យដូនកែវ។
លោកហាន ប៉េងក្វាង បានលើកឡើងថា៖ “វត្តមានរបស់យើងនៅទីនេះគឺដើម្បីគាំទ្រសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវតាមរយៈការផ្តល់ជូនដំណោះស្រាយ ក៏ដូចជាឧបករណ៍និងសេវាកម្មហិរញ្ញវត្ថុចំាបាច់នានា ដើម្បីជួយទៅដល់ពួកគាត់ក្នុងការសម្រេចគោលដៅហិរញ្ញវត្ថុ។ យើងខ្ញុំពិតជាមានមោទកភាព ដែលក្លាយជាផ្នែកមួយនៃភាពរីកចម្រើនក្នុងខេត្តតាកែវ។”
សាខាថ្មីនេះផ្តល់ជូនសេវាកម្មធនាគារសម្បូរបែប ដោយបើកដំណើរការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង៤រសៀល ដើម្បីធានាថាអតិថិជនងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុនានា។ សេវាកម្មទាំងនេះរួមមាន៖ ប្រាក់បញ្ញើ ប្រាក់កម្ចី គណនីសន្សំ ការផ្ទេរប្រាក់ក្នុងស្រុក និងអន្តរជាតិ ការទូទាត់ថ្លៃទឹក-ភ្លើង ព្រមទាំងសេវាកម្មជាច្រើនទៀត។ បន្ថែមលើនេះ ធនាគារ វីង សាខាខេត្តាតាកែវ មានកន្លែងចំណតយានយន្តធំទូលាយ ហើយត្រូវបានបំពាក់ជាមួយនូវម៉ាស៊ីនដក-ដាក់ប្រាក់ដ៏ទំនើប ដើម្បីបំពេញតម្រូវការអតិថិជន។ លើសពីនេះទៀត ក្នុងអំឡុងពេលប្រតិបត្តិការសេវាកម្មធនាគារ អតិថិជនក៏អាចទទួលទានកាហ្វេ និងទឹកផ្លែឈើដ៏មានឱជារស និងគុណភាពខ្ពស់ពីហាង Coffee Hub ឋិតក្នុងបរិវេណសាខារបស់ធនាគារ វីង តែម្តង។
ជាមួយនឹងការបើកឱ្យដំណើរការសាខាខេត្តតាកែវ ឥឡូវនេះ ធនាគារ វីង បានពង្រីកប្រតិបត្តិការរបស់ខ្លួនរហូតដល់២២ការិយាល័យហើយ បន្ថែមពីលើបណ្តាញភ្នាក់ងារវីងចំនួន ១១.០០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជា។ ធនាគារ វីង គ្រោងនឹងពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកសាខាជាច្រើនបន្ថែមទៀត ក៏ដូចជាផ្តល់ជូននូវដំណោះស្រាយឌីជីថលថ្មីៗ ដែលជាផ្នែកមួយនៃផែនការអនាគតរបស់ធនាគារ វីង។ ផែនការពង្រីកខ្លួនជាបន្តបន្ទាប់នេះ នឹងបង្កើនភាពងាយស្រួលទៅដល់អតិថិជនទូទៅ ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលជួយឲ្យសម្រេចចក្ខុវិស័យរបស់ខ្លួនក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថលដែលចាំបាច់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូប ក្នុងគោលបំណងធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃបានកាន់តែប្រសើរឡើង៕ រូបភាពដោយ ៖ អ៊ុន ផាន់ណាត់ (Un Phannatt)