ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ ការកំណត់បង់ពន្ធលើចំណេញមូលធននៃអចលនទ្រព្យគ្រប់ប្រភេទ នឹងត្រូវកំណត់អនុវត្តនៅត្រឹមចុងឆ្នាំខាងមុខនេះ បន្ទាប់ពីលើកលែង និងពន្យារពេលអនុវត្តអស់រយៈពេលពេលជិត៤ឆ្នាំ ពោលគឺតាំងពីមុនពេលកើតមានវិបត្តិជំងឺកូវីដ-១៩មកម៉្លេះ។

យ៉ាងណាក៏ដោយ ការកំណត់បង់ពន្ធលើចំណេញមូលធននេះ ក៏មានកំណត់បង្ហាញពីប្រភេទអចលនទ្រព្យអាទិភាពចំនួន៥ដែលត្រូវបានលើកលែងផងដែររួមមានដូចខាងក្រោមនេះ ៖
ពន្ធលើចំណេញមូលធន ត្រូវបានលើកលែងចំពោះការលក់ឬផ្ទេរមូលធនមួយចំនួនរួមមាន៖

១).ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ
២).ទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេស នៃរដ្ឋាភិបាលដទៃ
៣).និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច ៥ ឆ្នាំមុនពេលលក់ឬផ្ទេរ ក្នុងករណីមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ទ្ធមាននិវាសនដ្ឋានផ្សេងពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម។
៤). អចលនទ្រព្យក្នុងរង្វង់ញាតិ ដូចមានចែងក្នុងបទប្បញ្ញត្តិ ស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត និងបងប្អូនបង្កើត រវាងឪពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ
៥). ទ្រព្យដែលត្រូវបានលក់ឬផ្ទេរ ដើម្បីប្រយោជន៍សាធារណៈ ស្របតាមច្បាប់អស្សាមិករណ៍។

បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចលើកលែងពន្ធ លើចំណេញមូលធន ចំពោះការលក់ ឬផ្ទេរប្រភេទដីកសិកម្មជាកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់របស់ប្រជាពលរដ្ឋ ដែលជាកសិករកំពុងបង្កបង្កើនផលពិតប្រាកដ និងមានអាសយដ្ឋានរស់នៅ ស្ថិតនៅក្នុងឃុំ/សង្កាត់ ដែលដីកសិកម្មនោះស្ថិតនៅ៕