កំពង់ស្ពឺ ៖ ស្ទើរតែរាល់ខែ ទឹកដីខេត្តកំពង់ស្ពឺតែងទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីចូលបន្ថែមពីលើគម្រោងចាស់ជាហូរហែ ដែលត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបណ្តុំសំណង់លំនៅដ្ឋាន ជាពិសេសគម្រោងអភិវឌ្ឍន៍ដីឡូត៍ ខណៈដែលខេត្តមយចំនួននៅតែបន្តភាពស្ងប់ស្ងាត់នៅឡើយចាប់តាំងពីដើមឆ្នាំ២០២១រហូតមក។
នៅក្នុងរយៈពេល៤ខែកន្លងទៅនេះ យ៉ាងហោចណាស់មានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្ម និងរោងចក្រមិនតិចជាង១០គម្រោងនោះទេ ដែលមានតម្លៃសរុបរាប់សិបលានដុល្លារ ត្រូវបានចាក់បញ្ចូលទៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ដោយនៅមិនទាន់រាប់បញ្ចូលនូវគម្រោងវិនិយោគ និងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋាន និងដីឡូត៍ដែលកំពុងដំណើរការលក់នៅឡើយនោះទេ។
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍ដោយបង្ហាញពីក្ដីសាទរចំពោះរាល់គម្រោងវិនិយោគថ្មីៗទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ ជាមួយនឹងការព្យាយាមជួយសម្របសម្រួលផ្នែកគតិយុត្តធ្វើយ៉ាងណាឲ្យការវិនិយោគ និងគម្រោងអភិវឌ្ឍន៍ទាំងអស់អាចដំណើរការបានដោយរលូន និងជោគជ័យខ្ពស់នៅក្នុងខេត្តមួយនេះ។
ឯកឧត្តមបានមានប្រសាសន៍ថា ៖ «កំពង់ស្ពឺ មានអំណោយផលលើកត្តាភូមិសាស្ត្រសម្រាប់វិស័យឧស្សាហកម្ម កសិកម្ម និងរោងចក្រ ព្រោះមានផ្លូវជាតិលេខ៤ជាសរសៃឈាមសំខាន់បម្រើដល់វិស័យដឹកជញ្ជូនផលិតផល និងទំនិញចេញទៅកំពង់ផែអន្តរជាតិ ហើយនៅមានផ្លូវជាច្រើនខ្សែទៀតដែលអាចផ្តល់ភាពងាយស្រួលក្នុងតភ្ជាប់ទៅកាន់ខេត្តក្រុងដែលមានព្រំប្រទល់ជាមួយគ្នា»។
ឯកឧត្តមបន្តថា ៖ «វាជការពិត អ្នកវិនយោគមុនពេលគេដាក់ទុនចូលមករកស៊ី គឺសុទ្ធតែបានឆ្លងកាត់នូវការសិក្សាលម្អិតពីកត្តាភូមិសាស្ត្រ និងឱកាសចំណេញរបស់ពួកគេ ដែលវាមិនមែនជាការរកស៊ីដោយភាពប្រថុយប្រថាននោះទេ។ បច្ចុប្បន្ន មិនថាចំពោះផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥១ លេខ៤១ ដែលត្រៀមនឹងស្ថាបនាឡើងវិញ ផ្លូវលេខ៤៤ គឺសុទ្ធតែមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ រួមជាមួយនឹងការសាងសង់បណ្តុំលំនៅដ្ឋានផងដែរ ហើយទាំងអស់នេះសុទ្ធតែជួយជំរុញឲ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមានភាពកំណើន និងមានភាពល្អប្រសើរជាបន្តបន្ទាប់»។