សៀមរាប ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់ចិនមួយបានបង្ហាញពី​បំណង​វិនិយោគ​លើ​ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប​អង្គរ​។ ការចាប់អារម្មណ៍ដាក់គម្រោងវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចិននេះ កើតឡើងក្រោយជំនួបរវាង ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ​វិនិយោគ​កម្ពុជា ជាមួយនឹង​តំណាងក្រុមហ៊ុន​ ​Angkor International Airport Investment (Cambodia ) Co.,Ltd និងតំណាង​ក្រុមហ៊ុន China Energy Engineering Group Yunnan Electric Power Institute។

ជាលទ្ធផល គម្រោង​​វិនិយោគ​តំបន់​សេដ្ឋកិច្ចពិសេស​នៅជិត​អាកាស​យានដ្ឋាន​អន្តរជាតិដ៏ថ្មីសន្លាងមួយនេះ គ្រោងនឹង​ផ្ដោត​លើសកម្មភាព​បឋម​ចំនួន​៣ គឺ ទី​១. ការ​វិនិយោគ​ថាមពលកកើត​ឡើងវិញដើរ​ដោយ​ពន្លឺព្រះអាទិត្យ​, ទី​២ កា​រវិនិយោគក្នុ​ងវិស័យ​ទេសចរណ៍ និង​ទី​៣ គឺការ​វិនិយោគ​ក្នុងវិស័យកសិកម្ម​។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញការយល់​ឃើញថា គម្រោងខាងលើនេះនឹងផ្ដល់ជាផលវិជ្ជមានច្រើនសម្រាប់ខេត្តសៀមរាបផ្ទាល់។

ផលវិជ្ជមានទាំងនោះក៏ដោយសារតែការទម្លាក់សាច់ប្រាក់ចូលក្នុងគម្រោងនេះនឹងធ្វើឱ្យចរន្ត​សេដ្ឋកិច្ច​សង្គមមានសកម្មភាពមួយផ្នែកធំ ហើយក្រោយគម្រោងនេះបានដាក់ឱ្យដំណើរការ វិស័យពាក់ព័ន្ធធំៗទាំង៣ ក៏នឹងទទួលបានផលប្រយោជន៍ផងដែរ។

ទាក់ទិននឹងចំណុចនេះ លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ថា ៖

«វិស័យធំៗទាំង៣ស្ថិតនៅក្នុងគម្រោងនេះ គឺ វិស័យថាមពលកកើតឡើងវិញ វិស័យទេសចរណ៍ និងវិស័យកសិកម្ម នឹងអាចទទួលបានផលច្រើន ជាពិសេសនឹងបង្កើតការងារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើការក្នុងវិស័យទាំង៣ផងដែរ។»

មិនត្រឹមតែប៉ុណ្ណោះ គម្រោងខាងលើនេះក៏អាច ជំរុញឱ្យវិស័យអចលនទ្រព្យនៅខេត្តសៀមរាបរើប​ឡើងវិញផងដែរ ជាពិសេសតំបន់ដែលនៅជិតនឹងគម្រោងវិនិយោគនេះតែម្ដង។​នេះបើតាមការ​បញ្ជាក់​បន្ថែមរបស់លោកបណ្ឌិត។


ទន្ទឹមជាមួយគ្នានេះ លោកក៏បានបង្ហាញការព្រួយបារម្ភចំពោះការថយចុះនៃការផ្គត់ផ្គង់អគ្គិសនីរបស់​រដ្ឋនៅក្នុងព្រលានយន្ដហោះអន្តរជាតិសៀមរាប ក្រោយពេលដែលគម្រោងថាមពលកកើត​ឡើង​វិញបានដំណើរការជាផ្លូវការ។

យ៉ាងណាក៏ដោយ លោកបណ្ឌិត ហុង វណ្ណៈ នៅតែមានក្ដីរំពឹងខ្ពស់ថា គម្រោងវិនិយោគទៅលើវិ​ស័យ​ពីរផ្សេងទៀតគឺ ទេសចរណ៍ និងកសិកម្ម នឹងនៅតែអាចហុចផលយ៉ាងគាប់ប្រសើរដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផ្ទាល់ ព្រមទាំងអាចទាក់ទាញប្រជាពលរដ្ឋពីខេត្តផ្សេងឱ្យទៅរស់នៅ ក៏ដូចជា​ប្រកបរបរនៅទីនោះផងដែរ។

គួរបញ្ជាក់ថា ចាប់តាំងពី​ការ​បើក​ដំណើរការរហូតមកទល់​ពេល​នេះ អាកាសយានដ្ឋានសៀមរាប​អង្គរ​ បាន​ទទួ​ល​អ្នកដំណើរការ​ប្រមាណជិត១លាននាក់​ហើយ និងរំពឹងថា​រហូតដល់​ខែតុលារ​​នឹង​មានអ្នក​ដំ​ណើ​រ​ប្រ​មា​ណជាង ​​១​លា​ន ៣០ម៉ឺននាក់​ ហើយអាចកើនដល់ ​១លាន​ ៥០ម៉ឺន​នាក់​​នៅដំណាច់​ឆ្នាំ២០២៤នេះ។

ក្នុងពេលកន្លងទៅ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បាន​ជំរុញឱ្យមានការ​វិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅក្បែរ​អា​កា​ស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ក្នុង​គោល​បំណង​គាំទ្រដល់​អាជីវកម្ម​អាកាសយានដ្ឋាន​ផង និង​ផ្ដល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ថ្មី ក្រុង​រុនតាឯកផងដែរ៕