ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia បានបង្ហាញថា ក្នុងឆ្នាំ ២០១៥ នៅក្នុងរាជធានីភ្នំពេញ ទទួលគម្រោងវិនិយោគចំនួនជាង៣០គម្រោង ដោយគម្រោងវិនិយោគលើខុនដូតម្លៃធ្យមច្រើនជាងគេ បន្ទាប់មកគឺខុនដូតម្លៃសមរម្យ ខណៈគម្រោងខុនដូតម្លៃខ្ពស់ មានចំនួនតិចតួច ។ រហូតដល់ឆ្នាំ២០១៦ ឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ការវិនិយោគលើខុនដូនៅក្នុងរាជធានីភ្នំពេញ មានចំនួនជាមធ្យមជាង១០គម្រោងក្នុងមួយយឆ្នាំ ហើយរហូតដល់ឆ្នាំ២០១៩ ការវិនិយោគខុនដូបានផ្ទុះងើបឡើងជាថ្មី ដោយមានគម្រោងវិនិយោគថ្មីចំនួន២៤គម្រោង ។
របាយការណ៍ដដែលបានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២០ ការវិនិយោគលើគម្រោងខុនដូនៅភ្នំពេញ ក៏មិនទាន់ជាធ្លាក់ខ្លាំងណាស់ណាទេ ដោយក្នុងឆ្នាំ២០២០ មានគម្រោងវិនិយោគលើខុនដូចំនួន១៦គម្រោងផងដែរ ប៉ុន្តែចាប់ពីឆ្នាំ២០២១ រហូតដល់ពាក់កណ្ដាលឆ្នាំ២០២៤នេះ ការវិនិយោគលើគម្រោងខុនដូនៅភ្នំពេញ មានការធ្លាក់ចុះខ្លាំងតែម្ដង ក្នុងនោះ២០២១ មានតែ៦គម្រោងប៉ុណ្ណោះ ឆ្នាំ ២០២២ មានចំនួន ជិត១០គម្រោង ឆ្នាំ២០២៣ មានចំនួន៦គម្រោង។
ដោយឡែក ចាប់តាំងពីដើមឆ្នាំ២០២៤ រហូតដល់ពាក់កណ្ដាលឆ្នាំ មានចំនួនត្រឹមតែ ៣គម្រោងប៉ុណ្ណោះ រួមមាន ១.គម្រោង Time Square 7 ជាប្រភេទខុនដូតម្លៃមធ្យម, ទី២. គម្រោង Capital Center City ជាគម្រោងតម្លៃសមរម្យ និងទី៣ ជាគម្រោង L Tower TTP ជាប្រភេទខុនដូតម្លៃមធ្យម ៕