បាត់ដំបង ៖ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ដំបង ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និងសំណង់ បាន​រួម​គ្នា​ជាមួយ​នឹ​ងក្រសួង ស្ថាប័ន​ ផ្សេងទៀត ដែលពាក់ព័ន្ធ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​រកដំ​ណោះ​ស្រាយ​​ឱ្យ​បានលឿន​បំផុត។ កិច្ច​ប្រជុំ​នេះ មានការ​ចូលរួម​ពី​ក្រសួងយុត្តិធម៌ គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា អាជ្ញាធរ​ជាតិ​ដើស្រាយ​វិវាទក្រៅ​ប្រព័ន្ធតុលា​ការ​ គណៈកម្មការ​សុរិយោដី​ថ្នាក់ជាតិ អាជ្ញាធរ​ជាតិ​​ដោះស្រាយ​ទំនាស់​ដីធ្លី ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះមូល​ដ្ឋាន​ខេត្ត​បាត់ដំបង និងរដ្ឋបាលខេត្ត​បាត់ដំ​បង​​ ។

កិច្ច​ប្រជុំនេះ​បានដឹកនាំដោយ​ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែ​នដី ​ន​​គរូប​នីយកម្ម ​និងសំណង់ និង​ឯកឧត្តម​ កើត​ រិទ្ធ ឧបនាយករដ្ឋមន្ត្រី​ និងរដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌ និងជា​ប្រ​ធា​ន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ។

បើតាម​សេចក្ដី​ប្រកាសព័ត៌មាន​ក្រោយកិច្ច​ប្រជុំនេះ បានបង្ហាញលទ្ធផល​ ដោយ​អង្គ​ប្រជុំ​បាន​ឯកភាព​ និង​ស​ម្រេ​ច​​យក​នីតិវិធី​សុរិយោដី ដើម្បីចុះបញ្ជីដីបង្ហើយ​ និងដោះ​ស្រាយ​បញ្ចប់វិវាទ​លើទីតាំង​ដីរដ្ឋ និង​ដីឯកជន ឈានទៅ​បង្កើត​បរិយាកាស​គ្មានវិវាទ​ ។

សេចក្ដី​ប្រកាសបានបង្ហាញ​នូវ​លទ្ធផល​ដីធ្លីដែល​បានវាស់វែង​រួច​ក្នុងភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ចំនួន ៦៧៥ ៤៤៣ក្បាលដី ចេញ​បណ្ណ​រួច​បានចំនួន ៤៤៥ ១០៧បណ្ណ និងផ្ដល់​បណ្ណជូនប្រជាពលរដ្ឋ​បាន​ប្រមាណ ៤៤១ ៩៨៦បណ្ណ ។ បន្ទាប់​ពី ក្រុមការងារ​នឹង​បន្ត​ជំរុញ​បញ្ចប់​ការ​ងារ​ចុះបញ្ជីដីធ្លី មានលក្ខណៈជា​ប្រព័ន្ធ​ ទាំងដីរដ្ឋ និងដីឯកជន​ចំនួន​ ៣៩​ ៩៧៣ក្បាលដី ដើម្បី​បញ្ចប់វិវាទ និង​ហាម​ឃាត់​រាល់​ការ​ចូលទន្ទ្រាន​កាន់​កាប់​លើ​ដីរដ្ឋ​ដោយ​ខុសច្បាប់ ។​

​សេចក្ដី​ប្រកាស​ព័ត៌មាន​បានឱ្យដឹងថា​ ករណី​វិវាទដីធ្លី​សរុប​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់ដំបង​មានចំនួន ៦២៦​ករ​ណី ​ក្នុងនោះ​ដោះស្រាយ​រួច​បានចំនួន ៥៧៩ករណី ហើយអង្គ​ប្រជុំ​ក៏បានសម្រេច​ដោះស្រាយ​បិទបញ្ចប់​បាន​ចំនួន ​៣៣​ករណី បន្ថែមទៀត ដូច្នេះករណី នៅសល់ចំនួន​១៤ករណីទៀត​ទូទាំង​ខេត្ត​បាត់ដំបង ។ ក្រៅពីនេះ នៅមានករណី​សំណើសុំ​អន្តរាគមន៍​របស់ប្រជាពលរដ្ឋ​ចំនួន​ ៩ករណី ត្រូវ​បន្ត​សម្រប​សម្រួល​ដោះស្រាយ​ដោយ​ក្រុមការងារ​ប្រតិបត្តិ​ខេត្ត​បាត់ដំបង ដោយមានការ​ចូលរួម​ពី​គ្រប់​យន្ត​ការ​ គ្រប់​ថ្នាក់​ គ្រប់​ផ្នែក និង​អង្គភាព​ពាក់ព័ន្ធ​ដើម្បីបិទបញ្ចប់​ករណី វិវាទនេះ ។​


ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា​ ជំហាន​ដំបូង ក្រុមការងារ​នឹង​បញ្ចប់ការ​វាស់វែង​ដីធ្លីនៅទូទាំងប្រទេស ហើយបន្ទាប់មកចុះបញ្ជី​ និងចេញបណ្ណជូន​ពលរដ្ឋ​ជា​បន្តបន្ទាប់ ។ ទន្ទឹមគ្នា​នេះដែរ ក្រសួង​រៀបចំដែនដី​ និ​ងស្ថាប័ន​ពាក់ព័ន្ធ​ ក៏​នឹងពន្លឿន​ការដោះស្រាយ​វិវាទដីធ្លីឱ្យបានចប់សព្វ​គ្រប់​នាពេលឆាប់ៗនេះដែរ ៕