ភ្នំពេញ ៖ ដោយមើលឃើញពីសក្តានុពលនៃវិស័យកសិកម្មក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តចំនួន៤ នៅភូមិភាគឦសានសម្រាប់ឆ្នាំ២០២៥-២០២៨។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធីប្រកាសជាផ្លូវការ ដាក់ឱ្យអនុវត្តនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថា ខេត្តទំាំង៤ គឺជាខេត្តដែលមានសក្តានុពលកសិកម្ម កសិឧស្សាហកម្ម និងកសិទេសចរណ៍ជាដើម។


ឯកឧត្តមបញ្ចាក់ថា ៖«ការដាក់ទិសដៅអាទិភាព ដើម្បីទាក់ទាញវិនិយោគឯកជនឆ្ពោះទៅទិស​ឦសានតម្រូវមានលក្ខណៈជាយុទ្ធសាស្រ្ត ពោលគឺត្រូវកំណត់នូវលក្ខខណ្ឌ និងវិធានការលើកទឹកចិត្ត​ ដែលអាចឈានទៅពង្រីកមូលដ្ឋានសេដ្ឋកិច្ចដែលមានស្រាប់ក្នុងខេត្តនី​មួយៗ​ផង ជំរុញឱ្យមានការតភ្ជាប់ខ្សែច្រវ៉ាក់ផលិតកម្មពីខេត្តមួយទៅខេត្តមួយផង និងអភិវឌ្ឍន៍វិស័យគន្លឹះ និងប្រភពថ្មីៗនៃកំណើនសេដ្ឋកិច្ចជាតិទាំងមូលផង ស្របតាមបំណង​ប្រាថ្នារបស់រាជរដ្ឋាភិបាល»។​

ខេត្តទាំង៤នៅភូមិភាគឦសានរួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ជាខេត្តមានអំណោយផលដល់វិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។ ដំណាំកសិកម្ម និងកសិឧស្សាហកម្មរួមមាន កៅស៊ូ ស្វាចន្ទី ដំឡូងមី ម្រេច និងចេកអំបូងលឿងជាដើម សុទ្ធសឹងជាកសិផលយុទ្ឋសាស្រ្ត ប្រកបដោយសក្តានុពលទាំងទីផ្សារក្រៅស្រុក និងទីផ្សារក្នុងស្រុក។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ បរិមាណផលិតផល នៃប្រភេទដំណាំក្នុងខេត្តទាំង៤មានទំហំប្រមាណជា ២០-៦០% នៃបរិមាណផលសរុបទូទាំងប្រទេស។


តួលេខនេះ បញ្ជាក់ច្បាស់ពីផលិតភាព និងភាពអំណោយផលខ្ពស់នៃស្ថានភាពដី កត្តាភូមិសាស្រ្ត និងអាកាសធាតុក្នុងសម្រាប់ដំណាំកសិកម្ម។ ជាមួយគ្នានេះ ភាពសម្បូរបែបនៃសម្បត្តិធម្មជាតិ រួមមានអាកាសធាតុត្រជាក់ ខ្យល់បរិសុទ្ធ ធនធានធម្មជាតិចំរុះ ព្រៃឈើ និងដែនជំរកសត្វព្រៃជាដើម ដែលបានធ្វើឱ្យខេត្តទាំង៤ បានក្លាយជាតំបន់ដ៏មានសក្តានុពលទេសចរណ៍ធម្មជាតិ និងអេកូទេសចរណ៍ ជាពិសេស ទេសចរណ៍អត្តសញ្ញាណពិសេស ដែលសំដៅលើទេសចរណ៍វប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្រ្ត ដែលមានលក្ខណៈពិសេសសម្រាប់ខេត្តទាំងនេះ។

ទោះជាយ៉ាងនេះក្តី ខេត្តទាំង៤ ក៏នៅមានបញ្ហាប្រឈមនូវហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាល បន្តគិតគូរ និងដោះស្រាយ ដើម្បីជំរុញការទាញយកឧត្តមប្រយោជន៍សេដ្ឋកិ្ចចប្រកបដោយចីរភាព៕