ភ្នំពេញ ៖ បើមិនមានការ​ប្រែប្រួលអ្វីនោះទេ គម្រោង​ព្រែកជីក​ហ្វូណនតេជោ នឹង​ចាប់ផ្ដើមជីក​ ឬសាងសង់​ជាផ្លូវការ​នៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាម​ការ​បញ្ជាក់ពីឯកឧត្តម​ ផន រឹម អ្នកនាំពាក្យ​ក្រសួង​សាធា​រណ​ការ​ និង​ដឹកជញ្ជូន​នៅព្រឹកថ្ងៃទី​១០ ខែមិថុនា ឆ្នាំ២០២៥ ខណៈគ្រឿង​ចក្រ​​ក៏បានត្រៀម​រួចរាល់ ដោយដឹកយកទៅដាក់តាមគោលដៅនីមួយៗរួចរាល់ ហើយក្រុមការងារក៏កំពុង​ពន្លឿន​ក្នុងការ​កំណត់​និយាមកា និង​បោះបង្គោល​ព្រំដី​តាមបណ្ដោយព្រែកជីក​ ។

ឯកឧត្តម​ ផន រឹម​ បាន​បញ្ជាក់ថា ​មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទីតាំង ប្រមូ​លទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរកា​រដោយរលូន​តា​មការគ្រោងទុក។

ឯកឧត្តមក៏បានលើកឡើង​ពីបញ្ហាប្រឈមមួយចំនួន​ ក្នុងនោះរួមមាន ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយ​ត្រូ​វ​ឆ្លង​កា​ត់វាលស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាពរអិល​​ខ្លាំ​ង​ជា​​ដើ​ម​។ បច្ចុប្បន្ន​នេះ បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រា​ប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការ​ងារប​ច្ចេក​ទេ​ស​អន្ត​​រ​ក្រសួ​​ង​ស​ម្រេ​ចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។

ឯកឧត្តម​បញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំងប្រមូល​ទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោ​យព្រែក​ជី​ក​ហ្វូ​ណ​នតេ​ជោ​​បញ្ចប់​កា​រ​ងា​រ​ស​ម្រាប់​កំ​ណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។


ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ៖

«បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាង​ស​ង់ជា​​ផ្លូ​វការនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំ​​នួ​ន​គ្រឿ​ង​ចក្រ​ដែ​ល​ត្រូវប្រើ​ប្រា​ស់ក្នុ​ង​កា​រសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និ​​ង​ទី​តាំង​ដែ​ល​​ជ្រើស​រើ​ស​​សម្រា​ប់​បើកការសា​ង​ស​ង់​ជា​ផ្លូ​វការ។ ជារួមក្រុមហ៊ុនសាងសង់បានត្រៀមគ្រឿងចក្ររួចរាល់ រង់​​ចាំ​តែ​កា​រ​អនុ​វ​ត្ត​នីតិ​​វិ​ធី​ចាំ​បា​ច់ (ការ​ដោះស្រា​យ​ផល​ប៉ះ​ពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-)ទើបកា​រសា​​ងស​ង់​ចា​ប់​ផ្តើ​ម​បា​ន»។​

​តាមរយៈគម្រោងព្រែកជីក​ហ្វូណ​នតេជោ នឹងធ្វើឱ្យកម្ពុជា​មានផ្លូវដឹកជញ្ជូនថ្មីមួយទៀត​តាមផ្លូវទឹក ដែលអាច​តភ្ជាប់ពីផ្លូវទឹក​សាបទៅផ្លូវ​សមុទ្រ ហើយក៏អាច​តភ្ជាប់ទៅកាន់កំពង់​ផែ​ទឹកជ្រៅ​របស់កម្ពុជា និង​បន្តទៅ​កាន់​កំពង់ផែ​អន្តរជាតិ​ជាច្រើនក្នុង​តំបន់​ និង​នៅលើ​ពិភពលោក ។ ​គម្រោងនេះដែរ ក៏នឹង​ជំរុញ​សក្ដានុពល​​ ការ​វិនិយោគ​ដល់​ខេត្តកែប និងខេត្តកំពត បន្ថែម​មួយកម្រិតទៀត ពីព្រោះថា​ក្រៅពីការ​សាងសង់ព្រែកជីក​នេះហើយ ក៏មានការសាងសង់​នូវ​មជ្ឈមណ្ឌល​ភស្តុភារ និងកំពង់ផែ​នៅក្នុង​ខេត្ត​កែប ។ ដូច្នេះ​វា​នឹង​ធ្វើឱ្យខេត្តកាន់តែមានសក្ដានុពល​ ទាក់ទាញ​ការ​វិនិយោគជាតិ​ និងអន្តរជាតិ ជំរុញសក្ដាពលវិស័យ​ទេសចរ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​ទាំង​នេះ បានមួយកម្រិត​ទៀត​ផងដែរ ។