ព្រះសីហនុ ៖ គិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានអនុម័តគម្រោងចំនួន ២៩៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៧ពាន់លានដុល្លារអាម៉េរិក ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា តាមរយៈគម្រោងវិនិយោគចំនួន២៩៦ នេះ គម្រោងអគារជាប់គាំងច្រើនជាងគេដែលមានរហូតដល់១៣១គម្រោង ស្មើនឹង៤៤ភាគរយ គម្រោងវិនិយោគថ្មីចំនួន១៣០គម្រោង ឬស្មើនឹង៤៤ភាគរយ គម្រោងពង្រីកចំនួន២៤គម្រោង ស្មើនឹង៨ភាគរយ និងគម្រោងមានស្រាប់ចំនួន១១គម្រោងស្មើនឹង៤ភាគរយ ។
បើតាមឯកឧត្តមបានបញ្ជាក់ថា វិស័យសំខាន់ៗចំនួន៣ ទទួលបានការវិនិយោគច្រើនជាងគេ ក្នុងនោះវិស័យអចលនទ្រព្យមានចំនួន១១៨គម្រោង វិស័យទេសចរណ៍ចំនួន ៩៨គម្រោង និងវិស័យឧស្សហម្មមានចំនួន ៦១គម្រោង ។ ដោយឡែក គម្រោងប្រមាណ ៦,៤ភាគរយផ្សេងទៀត ឬ ១៩គម្រោង មាននៅក្នុងវិស័យសេវាកម្ម វិស័យកសិកម្ម វិស័យអប់រំ និងវិស័យសុខាភិបាល។ ទន្ទឹមនេះក្នុងវិស័យឧស្សាហកម្ម ក្រុមការងារបានផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងសួនឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន៤ មានទុនវិនិយោគសរុបចំនួនប្រមាណ ១១០លានដុល្លារអាម៉េរិក ហើយរំពឹងថា នឹងបង្កើតការងារថ្មីចំនួន ១៥ ២២០កន្លែង។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា កន្លងមកលេខាធិការនៃក្រុមការងារបានធ្វើការសិក្សាលើទិដ្ឋភាពនៃការអនុវត្តគម្រោងបានរកឃើញថា រហូតមកដល់បច្ចុប្បន្ន ទុនវិនិយោគជាក់ស្តែងដែលបានអនុវត្តរួចមានប្រមាណ ២,៤៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៥ភាគរយ នៃទុនវិនិយោគសរុបដែលទទួលបានការអនុម័ត ។
ឯកឧត្តមបានលើកទឹកចិត្តដល់វិនិយោគិនលើកឡើងនូវបញ្ហាប្រឈមក្នុងការអនុវត្តគោលការណ៍លើកទឹកចិត្តក្រោមវិសាលភាពកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងស្វែងយល់ឱ្យកាន់តែច្បាស់នូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ និងនីតិវិធីនៃការលើកលែងពន្ធអចលនទ្រព្យ ព្រមទាំងចូលរួមផ្សព្វផ្សាយដល់វិនិយោគិនផ្សេងទៀត ដើម្បីទទួលការលើកទឹកចិត្តវិនិយោគដោយឥតគិតថ្លៃ ឬសាកសួរព័ត៌មានបន្ថែមនៅការិយាល័យក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងផងដែរថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលធំធេង និងមានការរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងការដឹកជញ្ជូន ជាពិសេសកំពង់ផែទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកជាដើម ដែលសមស្របសម្រាប់ការវិនិយោគ។
ឯកឧត្តមបន្តថា ស្របតាមទិសដៅនៃការអភិវឌ្ឍផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បានកំណត់ផែនការវិនិយោគសាធារណៈជាប្រព័ន្ធតាមដំណាក់កាលច្បាស់លាស់រហូតដល់ឆ្នាំ២០៣៨ ដោយរដ្ឋបាលខេត្តបានរៀបចំជា ៤តំបន់ធំៗ ទី១.ឧស្សាហកម្ម និងដឹកជញ្ជូន ២.ទីក្រុងសមាហរណកម្មពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងហិរញ្ញវត្ថុអន្តរជាតិ ៣.តំបន់កោះ រៀបចំជាតំបន់ទេសចរណ៍អន្តរជាតិ ៤.រុញច្រានខេត្តព្រះសីហនុ ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ឧស្សាហកម្ម តភ្ជាប់ទៅនឹងបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា និងទៅកាន់ពិភពលោក សូមឱ្យអ្នកវិនិយោគចូលរួមសហការជាមួយរដ្ឋបាលខេត្ត ហើយអត្ថប្រយោជន៍របស់ក្រុមហ៊ុន គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ ៕
