កោះកុង ៖ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង សម្រេចបានសមិទ្ធផល១០០ភាគរយហើយ ដោយក្រុមហ៊ុនសាងសង់បានប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ជាតិ ។ ក្រុមហ៊ុនសាងសង់លើគម្រោងផ្លូវជាតិលេខ៤៨នេះ គឺក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ដោយបានប្រើពេលវេលាជាង៣ឆ្នាំ និងបានចាប់ផ្ដើមបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២២ ។

កាលពីថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងបានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCIeng & KECC Joint Venture និងក្រុមហ៊ុនសាងសង់សម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture ចុះពិនិត្យគុណភាព និងបច្ចេកទេសលើការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដើម្បីធ្វើពិធីប្រគល់-ទទួល។ ការចុះពិនិត្យនេះ គឺពិនិត្យឡើងវិញនូវគុណភាពនៃការសាងសង់ ការដាក់ផ្លាកសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍ជាដើម ដោយក្នុងនោះបានធ្វើការពិនិត្យទៅលើកម្រាស់ និងការបង្ហាប់ស្រទាប់កៅស៊ូ AC (ខួង និងពិសោធ) ធ្វើតេស្តជម្រាបទឹកលើស្រទាប់កៅស៊ូ និងពិនិត្យលើចំណុចបច្ចេកទេសមួយទៀតផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោយពីបានត្រួតពិនិត្យរួចរាល់ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃ និងបានឯកភាពធ្វើការប្រគល់-ទទួល ផ្លូវជាតិលេខ៤៨ ជាផ្លូវការ។ ក្នុងនោះផងដែរ ក្រុមហ៊ុនសាងសង់មានកាតព្វកិច្ចត្រូវថែទាំផ្លូវនេះរយៈពេលធានា២ឆ្នាំបន្ថែមទៀតបន្ទាប់ពីការប្រគល់-ទទួលនេះ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងដល់ក្រុមការងារបច្ចេកទេសសាងសង់ទាំងអស់ ដែលបានសម្រេចការងារសាងសង់នេះ បើទោះបីជាស្ថានភាពភូមិសាស្ត្រពិបាកក្នុងការសាងសង់ក៏ដោយ និងបានធ្វើការផ្តាំផ្ញើដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ កុំដឹកលើកទម្ងន់កម្រិតកំណត់ដោយច្បាប់ នាំឱ្យខូចខាតដល់ផ្លូវថ្នល់ ដែលជាសមិទ្ធផលរបស់ប្រទេសជាតិ។

សូមរំលឹកផងដែរថា គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទស្រទាប់កៅស៊ូ AC បានបើកការដ្ឋានសាងសង់នៅ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ។ ផ្លូវនេះ ត្រូវបានស្ថាបនាជាបួនគន្លង ចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លង ប្រវែង១១៨ គីឡូម៉ែត្រ។ តាមផែនការគម្រោង គ្រោងបញ្ចប់នៅខែមេសា ឆ្នាំ២០២៤ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃកូវីដ-១៩ និងកត្តាភូមិសាស្ត្រតំបន់ភ្នំ ធ្វើឱ្យគម្រោងនេះពន្យាពេលសាងសង់ជាង១ឆ្នាំ ពោលគឺបញ្ចប់ការសាងសង់នៅ ខែឧសភា ឆ្នាំ២០២៥ វិញ ។
គម្រោងនេះ ក៏បានតភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងត្តប៉ៃលិន មកកាន់តំបន់ឆ្នេរកម្ពុជា ដែលភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសថៃ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅនៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយតិច៕
