ភ្នំពេញ ៖ សភាពាណិជ្ជកម្មកម្ពុជា នឹងរៀបចំ “វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៥” ដែលនឹងប្រព្រឹត្តទៅនៅរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារ រ៉េស៊ីដង់ សុខា ភ្នំពេញ។ វេទិកានេះមានគោលបំណងចម្បងក្នុងការជំរុញ និងលើកកម្ពស់បរិយាកាសនៃការច្នៃប្រឌិតនវានុវត្តន៍ក្នុងវិស័យធុរកិច្ច ដោយផ្តល់ជាវេទិកាដល់ធុរជន ម្ចាស់អាជីវកម្ម ពាណិជ្ជករ និងសហគ្រិន ក្នុងការចែករំលែកបទពិសោធន៍ ស្វែងយល់អំពីនិន្នាការថ្មីៗ និងបច្ចេកវិទ្យាទំនើប ដែលអាចអនុវត្តន៍ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។

នៅក្នុងព្រឹត្តិការណ៍នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកា ខណៈឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ជាស្ថាបនិក និងប្រធានក្រុមហ៊ុន ម៉ុង ប្ញទ្ធី គ្រុប (MRG) នឹងធ្វើបាវកថា ស្តីពី ការប្រែក្លាយកសិកម្មប្រពៃណី ទៅកសិកម្មបែបទំនើប។

ជាងនេះទៅទៀត វេទិកានេះ នឹងមានកិច្ចពិភាក្សាពិសេសលើប្រធានបទ៖ «តួនាទីអ្នកដឹកនាំក្នុងការជំរុញនវានុវត្តន៍ភាព និងផ្លាស់ប្ដូរការធ្វើធុរកិច្ច» ចូលរួមចែករំលែកដោយ វាគ្មិនកិត្តិយស សំខាន់ៗអញ្ជើញមកពីស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនថែមទៀតផង។ សូមអ្ញជើញចូលរួមទាំងអស់គ្នា​ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍បន្ថែមក្នុងការដឹកនាំ និងពង្រីកអាជីវកម្ម។

គួរបញ្ជាក់ថា សម្រាប់អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងយុទ្ធសាស្រ្តក្នុងការគ្រប់គ្រងអាជីវកម្ម តាមរយៈការចែករំលែកពីសំណាក់ធុរជនឆ្នើមៗ ជាច្រើនរូបនៅក្នុងប្រទេសកម្ពុជា ជាពិសេស នៅមានកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរផងដែរ៕