ភ្នំពេញ ៖ គិតត្រឹម​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី​ តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ សម្រេច​បានការ​ចុះបញ្ជី​ដីរដ្ឋនៅរាជធានីភ្នំពេញ សរុប​ចំនួន ១ ០៥៩​ក្បាល​ដីហើយ ដែល​ស្មើនឹងទំហំ ១ ៧៦៣,៤៣ហិកតា ។ នេះ​បើតាមរបាយការណ៍​របស់​ក្រសួង​រៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់ ផ្សព្វផ្សាយ​នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥​កន្លងទៅនេះ​។​

យោងតាម​អនុក្រឹត្យ​របស់រាជរដ្ឋាភិបាល លេខ. ៣២១ អនក្រ.បក​ ចុះថ្ងៃទី០២ ខែវិច្ចិកា ឆ្នាំ២០២៣ ក្រោមហត្ថលាខារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់​វាក្យសព្ទសំខាន់ៗ​សម្រាប់​និយម​ន័យ​ដីរដ្ឋ ដោយ​ក្នុង​វាក្យសព្ទ​នោះ «ដីរដ្ឋ​» គឺសំដៅដី​សាធារណៈរបស់រដ្ឋ​ និង​របស់​នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំង​ដី​ឯកជន​របស់រដ្ឋ​ និង​របស់​នីតិ​បុគ្គលសាធារណៈដទៃទៀត ហើយ​ដី​សាធារណៈរបស់​រដ្ឋ​ គឺសំដៅ​ដល់​ដីដែល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជាសាធារណៈតាមស្ថានភាពពី​កំណើត ឬក្រោយពីបានរៀបចំរួច​ ឬដីដែល​មានជាប់​ផល​ប្រយោជន៍ជា​សាធារណៈ ឬជាដីដែល​មានការរៀបចំ​ពិសេស​សម្រាប់​ប្រយោជន៍សាធារណៈទូទៅ ។​

នៅក្នុងអនុក្រឹត្យនោះ ក៏បានកំណត់អំពីលក្ខខណ្ឌ និងនីតិវិធី​នៃការ​ចុះបញ្ជី​ដីរដ្ឋ តាមរយៈការ​ធ្វើ​អត្តសញ្ញាណ​កម្ម ការធ្វើផែនទី និងការ​ធ្វើចំណាត់​ថ្នាក់​ដីរដ្ឋ ក្នុង​គោល​បំណង ដើម្បីធានា​ការពារ​កម្មសិទ្ធិ​ និ​ងសិទ្ធិ​ផ្សេង​ទៀត​លើដីរបស់រដ្ឋ ។


យោងតាម​មាត្រ​១៥​ នៃអនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ​ និងនីតិវិធី​នៃការ​ចុះ​បញ្ជីដីរដ្ឋ​ របស់រាជរដ្ឋាភិបាល​កម្ពុជា ​បានបង្ហាញពី​ដំណើរ​ការ​នៃ​ការ​ចុះបញ្ជី​ដីរដ្ឋ ដោយមាន ​៤ដំណាក់​កាល​ រួមមាន ៖ ១ ការ​បញ្ជាក់​ពីកម្មសិទ្ធិ​របស់​រដ្ឋ​ និងរបស់​នីតិបុគ្គលសាធារណៈដទៃទៀត​លើ​ដី ។ ២. កា​រកំណត់​ព្រំ​ប្រទល់​ច្បាស់លាស់លើ​ដី ។ ៣. កា​រស្វែង​រក​ការឯកភាពគ្នា​ពី​គ្រប់ភាគីដែលពាក់ព័ន្ធ និង​ ៤. ការ​ចុះបញ្ជី​ក្នុង​សៀវភៅ​គោល​បញ្ជីដីធ្លី ។

ក្នុង​មាត្រាដដែលនេះ​បញ្ជាក់​ផងដែរថា ក្រសួង​ ស្ថាប័ន ឬរដ្ឋ​បាល​ថ្នាក់​ក្រោមជាតិ ដែល​អះអាង​ថា​ក្បាលដីរដ្ឋ​ណាមួ​យ​ជា​ដីសាធារណៈរបស់រដ្ឋ ឬរបស់​នីតិបុគ្គលសាធារណៈដទៃទៀត ត្រូវ​ផ្ដល់​ឯកសារ​និង​ភស្តុតាង​ផ្សេងៗទៀត​ដែល​បង្ហាញថា ដីនោះ​ត្រូវ​ចុះបញ្ជី​ជាដី​សាធារណៈរបស់រដ្ឋ​ឬរបស់​នីតិបុគ្គល​សាធារណៈដទៃ ។​ ដី​រដ្ឋ​ ដែលមិនបានបង្ហាញ​ឱ្យ​ឃើញថា​មាន​ចរិត​បម្រើ​ប្រយោជន៍​សាធារណៈ ត្រូវ​ចុះ​បញ្ជី​ជាដី​ឯកជន​របស់រដ្ឋ ឬរបស់​នីតិបុគ្គលសាធារណៈដទៃទៀត ។

នៅក្នុង​មាត្រា​ទី​១៦​នៃអនុក្រឹត្យ​ស្ដីពី​លក្ខខណ្ឌ​ និងនីតិវិធី​នៃការ​ចុះ​បញ្ជីដីរដ្ឋ ក៏បាន​បង្ហាញថា នៅក្នុងការ​ចុះបញ្ជី​ដី​មានលក្ខណៈជា​ប្រព័ន្ធលើក​ដំបូង ដីរដ្ឋ​នៅក្នុង​តំបន់​វិនិច្ឆ័យ​ត្រូវបានកំណត់​ព្រំ​ប្រទល់ ហើយដីនោះត្រូវបានចុះក្នុង​សៀវភៅ​គោលបញ្ជី​ដីធ្លីថាជាដីរដ្ឋ៕