ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ប្រកបដោយនិរន្តរភាព ក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព។

ថ្លែងក្នុងសិក្ខាសាលាស្តីពីនិរន្តរភាពនៃសំណង់តាមរយៈការលើកកម្ពស់ការងារពិសោធន៍សំណង់ និងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ប្រកបដោយប្រសិទ្ធភាព ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកសិក្ខាសាលានេះថាមានសារៈសំខាន់ និងជាឱកាសដល់សិក្ខាកាមដែលជាសិស្ស និស្សិតបានក្រេបយកចំណេះដឹងពីវាគ្មិន ដែលជាមន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយក៏ជាចន្លុះបំភ្លឺផ្លូវសំរាប់យើងទាំងអស់គ្នា ដើម្បីដើរទៅរកការឯកភាពរួមគ្នាមួយ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច មានប្រជាជនតិច ដូច្នេះ រាល់ជំហានដែលត្រូវដើរគឺត្រូវតែជាជំហានដែលត្រឹមត្រូវ និងមិនអាចថយក្រោយឡើយ។
ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្ទីរពិសោធន៍ជាតិសំណង់ និងដៃគូសហការទាំងអស់ ជាពិសេស ក្រុមហ៊ុន DAIKIN Cambodia ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះឡើង។ ទន្ទឹមនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ស្ថានទូតជប៉ុន ដែលតែងតែបានធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយឯកឧត្តម បានចាត់ទុកថាទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា គឺជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងដំណើរដ៏វែងឆ្ងាយ ពីព្រោះជប៉ុនគឺជាតួអង្គយុទ្ធសាស្ត្រក្នុងការស្វែងរកសន្តិភាពឡើងវិញសំរាប់កម្ពុជា និងជាដៃគូ “ស្មាកៀកស្មា” ក្នុងការជួយដល់កម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ។
តាមរយៈសិក្ខាសាលានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តើមការគិតគូរដំណើររបស់កម្ពុជាជារួម និងដាក់ចេញនូវគំនិតត្រិះរិះពិចារណាដើម្បីបានការឯកភាពស្រុះស្រួលគ្នា លើកកម្ពស់ការយល់ដឹងពីមុខរបរ និងជំនាញលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របពេលជាមួយការគិតគូរលើការលើកកម្ពស់គុណភាពសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ ប្រកបដោយនិរន្តរភាពក្នុងការប្រែក្លាយឧស្សាហកម្មសំណង់ និងស្ថាបត្យកម្មខ្មែរនាសហសម័យឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងសោភ័ណភាព ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាឳ្យទៅជាទ្រនំសុភមង្គល និងភូមិឋានក្សេមក្សាន្តសំរាប់ទាំងអស់គ្នា៕

