បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបញ្ចប់ការវាស់វែងដីធ្លី និងការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៦ ៣៥៥បណ្ណ ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ខេត្តបន្ទាយមានជ័យ ជាខេត្តទី៨ ដែលបានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយពីពេលនេះទៅមុខ ក្រសួង នឹងធ្វើការគ្រប់គ្រងដីធ្លីប្រកបដោយសុវត្ថិភាព និងមានគុណតម្លៃ ។
បើតាមប្រសាសន៍ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ថា ការប្រកាសបញ្ចប់ការវាស់វែងនេះ មិនមែនមានន័យថាក្រសួងបញ្ឈប់ការវាស់វែងនោះទេ ចំពោះក្បាលដីដែលបានរំលង ឬបងប្អូនដែលមិនទាន់បានសុំចុះបញ្ជី ក្រសួងនៅតែបន្តចុះបញ្ជីជូន។ នេះគ្រាន់តែជាការបិទបញ្ចប់យុទ្ធនាការវាស់វែងប៉ុណ្ណោះ ប៉ុន្តែការងារប្រចាំថ្ងៃរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នៅតែធ្វើការជូនបងប្អូនជាធម្មតា ។
ឯកឧត្តមបានមានប្រសាសន៍ថា ការបញ្ចប់ការវាស់វែងដីធ្លីជូន និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ នឹងអាចបញ្ចប់វិវាទដីធ្លីរវាងពលរដ្ឋ និងពលរដ្ឋ និងរវាពលរដ្ឋ និងដីរដ្ឋផងដែរ ។ នៅកម្ពុជា កាលពីមុនមានទំនាស់ដីធ្លីច្រើនបំផុត ដែលមានរហូតដល់ជាង ២ម៉ឺនករណីនៅទូទាំងប្រទេស ប៉ុន្តែមកដល់ពេលនេះ ទំនាស់ដីធ្លីនៅសល់ប្រមាណត្រឹម២០០ករណីប៉ុណ្ណោះ ហើយអាចនឹងអស់នៅក្នុងដំណាច់ឆ្នាំ២០២៥នេះ ។
ឯកឧត្តមបន្ថែមថា ការចុះបញ្ជីដីធ្លីដែលជាកម្មសិទ្ធិរបស់ក្រសួង ស្ថាប័ន ដូចជាដីតំបន់ការពាររបស់ក្រសួងបរិស្ថាន ដីធ្លីដែលជាកម្មសិទ្ធិរបស់ក្រសួងកសិកម្ម និងដីបឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម នឹងបញ្ចប់នៅពេលឆាប់ៗនេះ ដោយអាចនឹងចប់នៅអំឡុងខែធ្នូ ប៉ុន្តែក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ សុំពេលវេលាបន្តិចដើម្បីសម្អាត និងតម្រូវឱ្យបានល្អប្រសើរ ។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមិនទាន់បានវាស់វែង និងចុះបញ្ជីដីធ្លី នៅពេលដែលក្រុមការងារចុះធ្វើការវាស់វែងដោយសារតែគាត់មិនបាននៅនាអំឡុងពេលនោះ ពួកគាត់នៅតែមានសិទ្ធិ និងមានឱកាសសុំចុះបញ្ជីដីរបស់ខ្លួនបានដែរ មិនមែនថាក្រុមការងារចុះបញ្ជីហួសហើយពួកគាត់មិនទាន់បានចុះនោះគឺចុះមិនបាននោះទេ ពោលគឺនៅតែបានដដែល ដូច្នេះហើយទើបក្រសួងសុំពេលវេលាដើម្បីសម្អាតលើកិច្ចការងារនេះ ៕

