ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យបន្តមានភាពទន់ខ្សោយ។យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា វិស័យសំណង់នៅតែបន្តមានកំណើនទាប ០.៧% ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់មានកំណើន ៤៤.១% ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ (២៧.៥%)។ទន្ទឹមនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧% ដែលក្នុងនោះ សំណង់ឧស្សាហកម្ម (សមាមាត្រ ៣៦.៤%) កើន៩៣.៣% សំណង់លំនៅឋាន (សមាមាត្រ ៨២.៥% នៃតម្លៃគម្រោងសំណង់សរុប) កើន៨៨% និងសំណង់ផ្សេងៗ (សមាមាត្រ ៩៥.៩% កើន ៣៩.៨% ស្របពេលសំណង់សាធារណៈ (សមាមាត្រ ៤.១%) កើន ២.៨%។
