មណ្ឌលគីរី ៖ ក្រោយពេលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន កាលពីអំឡុងខែមេសា ឆ្នាំ២០២៥កន្លងទៅនេះឃើញថា វិនិយោគិនទាំងក្នុង និងក្រៅប្រទេស បានចាប់ផ្ដើមសម្លឹងស្វែងរកឱកាសវិនិយោគនៅតំបន់ទាំងនោះជាបន្តបន្ទាប់ ដើម្បីទទួលបានការអនុគ្រោះ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា ។
កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានចុះពិនិត្យវាយតម្លៃ និងស្វែងយល់លម្អិតអំពីសំណើគម្រោងវិនិយោគចំនួន ៣ នៅខេត្តរតនគិរី ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលបានស្នើសុំការគាំទ្រពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់លេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសានបានឱ្យដឹងថា គម្រោងវិនិយោគទាំង៣ ដែលបានស្នើសុំការគាំទ្រពីរដ្ឋាភិបាល មានទីតាំងស្ថិតនៅក្នុងក្រុងបានលុង និងស្រុកអូរយ៉ាដាវ ក្នុងនោះ ១. ស្ថិតភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ២. ស្ថិតនៅភូមិ សោមគល់ ឃុំសោមគល់ ស្រុកអូរយ៉ាដាវ និងមួយទៀត ស្ថិតនៅភូមិតេន ឃុំយ៉ាទុង ស្រុកយ៉ាដាវ ។
គួររម្លឹកថា កាលពីដើមខែសីហា ២០២៥ថ្មីៗនេះដែរ ក្រុមការជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក៏បានបើកកិច្ចប្រជុំលើការផ្ដល់គោលការណ៍លើកទឹកចិត្តពិសេស លើកទី១ ជូនគម្រោងវិនិយោគចំនួន៥ ក្នុងភូមិឦសាននេះ ដែលមានទុនវិនិយោគប្រមាណ ២ ៨៥០លានដុល្លារអាម៉េរិក ហើយរំពឹងថានឹងអាចបង្កើតការងារជូនពលរដ្ឋបានរហូតដល់ ៣៨ ៤០០កន្លែង ។
យោងតាមលេខាធិការដ្ឋាននៃក្រុមការងារជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសានបានបញ្ជាក់ថា គម្រោងទាំង ៥នេះ រួមមាន ការវិនិយោគលើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់កម្មវិធីពិសេស ហើយក៏មានគម្រោងក្នុងវិស័យទូទៅផ្សេងទៀត ដូចជា អប់រំ និង សុខាភិបាល ផងដែរ ។
ក្នុងចំណោមនោះ ក្រុមហ៊ុនមួយចំនួន ជាក្រុមហ៊ុនដែលធ្លាប់បានវិនិយោគជាក់ស្តែងនៅតាមបណ្តាខេត្តនៅភូមិភាគឦសានរួចហើយ ប៉ុន្តែមានបំណងពង្រីកសកម្មភាពរបស់ខ្លួនក្នុងរូបភាពជាគម្រោងវិនិយោគកសិកម្មពហុបំណងខ្នាតធំ តាមរយៈការពង្រីកសមត្ថភាពផលិតកម្ម ការជំរុញសហថាមភាពពីកិច្ចសហការវិនិយោគ ការបង្កើនការកែច្នៃផលិតផលកសិកម្ម ការចិញ្ចឹមសត្វ ការបង្កើតរោងចក្រផលិតជី ចំណីសត្វ និងគ្រឿងយន្តកសិកម្ម ដែលសុទ្ធតែជាធាតុចូលបន្ថែមចាំបាច់ និង មានតម្រូវការខ្ពស់ ក្នុងការបង្កើនតម្លៃបន្ថែមសេដ្ឋកិច្ច និង ការធ្វើពិពិធកម្មវិនិយោគ សមស្របតាមលក្ខខណ្ឌអំណោយផល របស់ភូមិភាគឦសាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងអំពីសារៈសំខាន់នៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ដើម្បីអភិវឌ្ឍភូមិភាគឦសាន ជាប្រភពកំណើនសេដ្ឋកិច្ចថ្មី ។ ក្នុងន័យនេះ ក្រុមការងារបានពិនិត្យពិភាក្សាយ៉ាងផុសផុល ដោយផ្អែកលើលទ្ធផលនៃការចុះពិនិត្យទីតាំងគម្រោងជាក់ស្តែង និងពិនិត្យលើគ្រប់ទិដ្ឋភាព ជាពិសេស អនុលោមភាពជាមួយនឹងបទដ្ឋានគតិយុត្តរបស់កម្ពុជា ក្នុងគោលដៅជួយសម្រួល ជំរុញ និងថែទាំវិនិយោគិនផង ទន្ទឹមនឹងកិច្ចការពារ និងបង្កើនផលប្រយោជន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជាផង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន បានសម្តែងការត្រេកអរក្រៃលែង ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានអត្រាពន្ធបដិការ ១៩% តាមរយៈការចរចាជាមួយសហរដ្ឋអាមេរិក ដែលលទ្ធផលល្អប្រសើរនេះ បានផ្តល់ជាក្តីសង្ឃឹម សម្រាប់ការធានាបាននូវទំនុកចិត្ត និង បរិយាកាសវិនិយោគជាទូទៅរបស់កម្ពុជា ក៏ដូចជាការរក្សាភាពប្រកួតប្រជែង នៃឧស្សាហកម្មរបស់កម្ពុជា សម្រាប់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាព និង មានបរិយាប័ន្ន ។



