ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួមជាមួយប្រធានសភាពាណិជ្ជកម្មចិន-ម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃសភាពាណិជ្ជកម្មទាំងពីរក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជា និងម៉ាឡេស៊ី ដែលសេចក្តីប្រកាសនេះបញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួមក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី និងជាចំណុចចាប់ផ្តើម នៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។


ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ រវាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង​លោកដាតុ តូនី ឡយ (Tony Looi​) ក្នុងអំឡុងពេលនៃពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី ឯកឧត្តម សាហារូឌីន អន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើនរូប។

ក្នុង​ឱកាស​នោះ អ្នកឧកញ៉ា គិត ម៉េង បានជម្រាបជូនគណៈប្រតិភូសភាពាណិជ្ជកម្មចិន-ម៉ាឡេស៊ី អំពីកំណើនសេដ្ឋកិច្ចកម្ពុជា និងគោលដៅកម្ពុជាក្នុងការសម្រេចនូវទស្សនវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ដោយ​ផ្អែកលើកត្តាជំរុញនានារួមមាន៖ កម្លាំងពលកម្មវ័យក្មេង និងជំនាញ បរិយាកាសវិនិយោគអំ​ណោ​យផល និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។


អ្នកឧកញ៉ា បានបន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា​មិន​មែន​ជា​ប្រទេស​​ពឹង​ផ្អែក​ភាគច្រើន​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ក្រៅ​ប្រទេស​នោះ​ទេ ដោយ​ឧស្សាហកម្ម​កម្ពុជា​កំពុង​បោះជំហាន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​​។ អ្នកឧកញ៉ា គិត ម៉េង បានចង្អុលបង្ហាញ​ផ្នែក​ឯកជន​នៅ​កម្ពុជា ក៏​មាន​វិស័យសំខាន់ៗជាច្រើន ​ដែល​អាច​ធ្វើ​ការ​សហការ​ជាមួយ​អ្នក​វិនិយោគដូចជា ការអភិវឌ្ឍ​វិអំពីវិស័យសំខាន់ៗមួយចំនួន ដែលមានសក្តានុពល រួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល កសិកម្មប្រកបដោយចីរភាព និងទេសចរណ៍ ។អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងប្រទេសទាំងពីរ ជាក់ស្ដែង នៅឆ្នាំ២០២៤ ទំហំពាណិ​ជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី មានប្រមាណ ៨៥៩ លានដុល្លារអាមេរិក។ ក្រុមហ៊ុនម៉ាឡេស៊ីជាអ្នកវិនិយោគដ៏សំខាន់នៅកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមក ដោយផ្តោតលើវិស័យ​ទូរគមនា​គមន៍ ធនាគារ សំណង់ និង កម្មន្តសាល។

ផ្អែកតាមទិន្នន័យ​ពាណិជ្ជកម្ម​ ដែលទទួលបានពីអគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) បង្ហាញថា ចាប់ពី​ខែ​មករា ដល់​ខែ​កក្កដា ឆ្នាំ​២០២៥ រំហូរ​​ពាណិជ្ជកម្ម​ទំនិញ​រវាង​កម្ពុជា ម៉ា​ឡេ​ស៊ី មាន​ទឹកប្រាក់​សរុប៥៩៨,១៩​ លាន​ដុ​ល្លារ កើនឡើង​ ១១,២​% បើធៀបនឹង​​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០២៤​។ ក្នុង​ចំនួន​នេះ​ ទំនិញ​ម៉ាឡេស៊ី​នាំមក​កម្ពុជា​ ចំនួន៥១៩,៣២​ លាន​ដុល្លារ កើន ១២,៧% និង​ទំនិញ​កម្ពុជា​នាំទៅ​ម៉ា​ឡេ​​ស៊ី ៧៨,៨៨ ​លាន​ដុល្លារ កើន ២,៤%​។