ភ្នំពេញ៖ គិតត្រឹមពាក់កណ្តាលខែសីហា ឆ្នាំ២០២៥នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)សាងសង់បាន៤១% ហើយ ក្រោយបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

យោងតាមប្រភពពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា៖ ពេលនេះ ការដ្ឋានកំពុងសម្រុកខ្លាំង ដោយគោរពតាមបទដ្ឋានបច្ចេកទេស កិច្ចសន្យាបច្ចេកទេសប្រកបដោយគុណភាពនិងសោភ័ណភាព។ អង្គភាពគ្រប់គ្រងគម្រោងបានពន្លឿនការងារសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ១ និងបន្តពង្រឹងសុវត្ថិភាពការងារ ដោយហេតុថា រដូវវស្សាទឹកទន្លេចាប់ផ្តើមឡើង និងបន្តថែទាំដោយបំពាក់បន្ថែមពោងសុវត្ថិភាពលើទឹកធានាពីសុវត្ថិភាពអ្នកប្រើប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក ឆ្លងទីតាំងការដ្ឋាននេះ។

ប្រភពដដែលនេះបានបន្តថា៖ គិតត្រឹមដើមខែសីហា ឆ្នាំ២០២៥នេះ ការងារសម្រេចបាន ១៧ខែហើយ ស្មើនឹង ៤០% នៃផែនការសាងសង់ ៤២ខែ ដោយមិនយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ។ គម្រោងនេះ ត្រៀមបញ្ចប់នៅដើមឆ្នាំ២០២៨ខាងមុខ។


ក្រសួងសាធារណការ បានឱ្យដឹងថា៖ ពេលសាងសង់រួចស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូងព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅជាពិសេ​ស​ធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

បច្ចុប្បន្នការងារស្ពានផ្នែកខាងកើតស្ពានសម្រេចបាន៖ ១)ផ្នែកគ្រឹះស្ពានសម្រេចបានប្រមាណ៦១,​៥​០​% ក្នុងនោះសសរគ្រឹះចំនួន១៥៦ដើម សម្រេចបាន ១៣៧ដើម ២០ជើងតាង សម្រេចបានចំនួន៩ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម។ ២)រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន២៦,១២% រួមមាន៖តួសរសរស្ពាន១២ សម្រេចបាន៦សរសរ, សរសរស្ពាន ៥២ សម្រេចបាន២៤ និងធ្នឹមភ្ជាប់ក្បាលសរសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត៕