ក្រចេះ ៖ ក្រុមហ៊ុនដ៏ធំមួយរបស់ចិន​ ដែលមាន​សាខា​វិនិយោគ​ចំនួន​ ២៥៦កន្លែងនៅក្នុងប្រទេស​១៤០​ បាន​បង្ហាញពីគម្រោង​វិនិយោគរ​បស់ខ្លួនក្នុងប្រទេស​កម្ពុជា លើ​ការសាងសង់កំពង់ផែពហុបំណង​ជាប់ទន្លេមេគង្គ ស្ថិតក្នុងស្រុក​ព្រែក​ប្រសព្វ​ ខេត្ត​ក្រចេះ ជាមួយនឹង​ដើម​ទុន​ចំនួន ៣៥លានដុល្លារអាម៉េរិក ។​

យោងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​លេខាធិការ​ដ្ឋាន​នៃក្រុមការងារជំរុញការ​វិនិយោគក្នុង​ភូមិ​ភាគឦសានកាលពី​ចុងសប្ដាហ៍មុននេះបានឱ្យដឹងថា ក្រុមហ៊ុន ខេ.ភី ស៊ីមេន​ អ៊ីនដាស្ទ្រី ដែលជា​បុត្រ​សម្ព័ន្ធរបស់​ក្រុមហ៊ុន​ចិន China Energy Engineering Group ( CEEC ) បានបបង្ហាញពីគម្រោង​វិនិយោគ​នៅក្នុងខេត្ត​ក្រចេះ ស្ថិតក្នុងស្រុកព្រែកប្រសព្វ​ ដោយនឹង​សាងសង់កំពង់ផែពហុ​បំណង​ ជាមួយដើមទុនវិនិយោគប្រមាណ ៣៥ លានដុល្លារ រួមទាំងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់បម្រើដល់ការវិនិយោគ និងការដឹកជញ្ជូនកសិផល ។

សូមបញ្ជាក់ថា ក្រុមហ៊ុន China Energy Engineering Group Co., Ltd. (CEEC) នេះ​ មានទីស្នាក់ការកណ្ដាល​នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ។ គិតត្រឹមឆ្នាំ២០២៤ ក្រុមហ៊ុន​ CEEC មានសាខាសរុប​ចំនួន ២៥៦ កន្លែង ក្នុងប្រទេសចំនួន ១៤០ និងមានជំនាញវិនិយោគលើឧស្សាហកម្មថាមពល និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោក មានទ្រព្យសកម្មចុះបញ្ជីប្រមាណ ១ ទ្រីលានលានដុល្លារអាម៉េរិក ហើយមានបុគ្គលិកបម្រើការ ១៤ ម៉ឺននាក់ និងបានជាប់ក្នុងបញ្ជី Fortune Global 500 ចំនួន ១០ ឆ្នាំជាប់គ្នា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានជម្រាបជូនប្រតិភូ អំពីកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដែលមានគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព តាមរយៈការផ្តល់ការលើកទឹកចិត្តពិសេស ការអនុគ្រោះ និងការសម្រួលនីតិវិធី ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ នៅខេត្តភូមិភាគឦសានទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម​បានបញ្ជាក់ថា ៖

«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យអាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលាភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី »។

តាមរយៈនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ជាយន្តការ ច្រកចេញចូលតែមួយ” ដើម្បីពិនិត្យ និង អនុម័តលើកទឹកចិត្តពិសេស ជូនគម្រោងវិនិយោគ, ផ្តល់លិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនានា ជាកញ្ចប់ ស្របតាមអភិក្រម ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ តាមរយៈការចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។

ផែនការរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ​ និងដឹកជញ្ជូន ក៏មានគម្រោង​ក្នុងការទាក់ទាញ​ការ​វិនិយោគ​បង្កើត​កំពង់ផែ​តាមដងទន្លមេគង្គ ដើម្បី​សម្រួលដល់ការ​ដឹកជញ្ជូន​កសិផល​របស់កសិករ ក៏ដូចជា​ដឹកភ្ញៀវទេសចរ​កម្សាន្ត​តាមផ្លូវទឹកផងដែរ ។ ស្របជាមួយគ្នា​នេះដែរ គម្រោង​ព្រែកជីកហ្វូណន​តេជោ ដែលតភ្ជាប់ពីផ្លូវទឹកសាបទៅ​ផ្លូវទឹកសមុទ្រ ក៏នឹង​ចាប់ផ្ដើម​ជីក​នាពេលឆាប់ៗនេះ ដោយរំពឹងថា​នឹង​បញ្ចប់​ក្នុងឆ្នាំ២០២៨ ។ គម្រោង​នេះដែរ ក៏នឹងជួយ​សម្រួលដល់ការ​ដឹកជញ្ជូន​តាមផ្លូវ កាត់បន្ថយ​ថ្លៃ​ដើម​នៃការ​ដឹកដឹកជញ្ជូនក្នុងប្រទេស​កម្ពុជា​បានមួយកម្រិតមួយផងដែរ ។