នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានអនុញ្ញាត្តិឱ្យ លោក Kenichiro Kashiwase ប្រធានបេសកកម្មសម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់សមាជិកសភាពាណិជ្ជកម្មដែលតំណាងឱ្យវិស័យកាត់ដេរស្បែកជើង, វិស័យផលិតផលធ្វើដំណើរ, វិស័យភស្តុភារកម្ម, វិស័យកសិកម្ម, វិស័យពន្ធដារ និងក្រុមការងារជំនាញនៃមូលនិធិរូបិយវត្ថុអន្តរជាតិមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើ សកម្មភាពធុរកិច្ច វិនិយោគ និងសេដ្ឋកិច្ច ដែលបានលើក ០៤ចំណុច ដែលជាសំណើរបស់មូលនិធិរូបិយវត្ថុអន្តរជាតិរួមមាន៖
១. ផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនៃអាត្រាពន្ធគយរបស់អាមេរិកមកលើកម្ពុជា
២. បញ្ហាប្រឈម និងហានិភ័យជាក់លាក់នៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ រួមជាមួយនឹងវិស័យដឹកជញ្ជូន កសិកម្ម និងកសិកែច្នៃ ផលិតកម្ម វិស័យថាមពល និងឧស្ម័ន
៣. ផលប៉ះពាល់ពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក និងវិធាននៃការប្រកួតប្រជែងក្នុងការនាំចេញ ក្នុងគោលបំណងធ្វើឱ្យមានស្ថេរភាពនៃការនាំចេញរបស់កម្ពុជា ការការពារឱ្យបាននូវការងារ និងការស្តារទំនុកចិត្តរបស់អ្នកវិនិយោគ និង
៤. បានពិភាក្សាលើ កញ្ចប់នៃអនុសាសន៍គោលនយោបាយរយៈពេលមធ្យម និងគ្រាអាសន្ន។
៥. ការបកស្រាយបញ្ជាក់ជាច្រើនដែលវិស័យឯកជន កំពុងធ្វើការងារ គឺ គាំទ្រ ផ្តល់ធាតុចូល និងអនុសាសន៍ សំខាន់ៗមួយចំនួន ស្ថានភាពធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កំពុងទទួលរងផលប៉ះពាល់ ដើម្បីផ្តល់ជូនដល់ រដ្ឋាភិបាលកម្ពុជា ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ជាពិសេស រក្សាបន្តគាំទ្រនៅគោលនយោបាយឈ្នះ-ឈ្នះ របស់ប្រមុខថ្នាក់ដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដើម្បីធ្វើយ៉ាងណាឲ្យមានកំណើនសេដ្ឋកិច្ចនិងវិនិយោគនៅកម្ពុជា។
គួរបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននឹងកំពុងធ្វើការប្រជុំពិភាក្សាលើមាត្រាទី៤ ឆ្នាំ២០២៥ នៅខែសីហា ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍ម៉ាក្រូសេដ្ឋកិច្ច ទស្សនវិស័យ និងគោលនយោបាយជាមួយសមភាគីកម្ពុជា។
ជាមួយគ្នានោះដែ លោកប្រធានបេសកកម្មសម្រាប់ប្រទេសកម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្តេជ្ញាថានឹងបន្តជំនួយលើជំនួយខាងបច្ចេកទេស និងធ្វើការជាមួយដៃគូ ជួយដល់វិស័យឯកជន ដើម្បីរកដំណោះស្រាយរាល់បញ្ហានានា ឲ្យប្រសើរនៅពេលអនាគត។
ប្រភព៖ ទំព័រហ្វេសប៊ុកសភាពាណិជ្ជកម្មកម្ពុជា



