ភ្នំពេញ ៖ កំពង់ស្ពឺ ជាខេត្តមួយដ៏មានសក្តានុពលផ្នែកឧស្សាហកម្ម ជាពិសេសគម្រោងបង្កើតរោងចក្រកាត់ដេរ និងកម្មន្តសាល។ ជាក់ស្ដែង នៅក្នុងសប្ដាហ៍ទីមួយ ដើមខែកញ្ញា ឆ្នាំ២០៥ នេះ ខេត្តកំពង់ស្ពឺ បានទទួលគម្រោងវិនិយោគធំៗចំនួន៥បន្ថែមទៀត ដែលមានទុនសរុបជិត៣០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារប្រមាណ ២០០០កន្លែង។
យោងតាមប្រភពពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ឱ្យដឹងថា គម្រោងថ្មីៗចំនួនដែលបានបណ្តាក់ទុននៅក្នុងខេត្តកំពង់ស្ពឺទាំងនោះរួមមានដូចជា ៖

ស្រុកបរសេដ្ឋ ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រឿងអគ្គិសនីសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥០៧កន្លែង។
ស្រុកគងពិសី ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់បន្សំ ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង។
ស្រុកសំរោងទង ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែង។
ស្រុកភ្នំស្រួច ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផ្លែឈើ ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៦៧កន្លែង។
ក្រុងឧដុង្គម៉ែជ័យ ៖ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈកីឡា ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៤២កន្លែង។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ ខេត្តកំពង់ស្ពឺ មានវត្តមានឧស្សាហកម្មដ៏រឹងមាំ ដោយមានរោងចក្រ និងសហគ្រាសជាង ៤០០ ដែលផ្តល់ការងារជាង ២០ម៉ឺនកន្លែង ដោយរោងចក្រទាំងនេះ ជាចលករស្រូបយកកម្លាំងពលកម្មយ៉ាងសំខាន់ពីខេត្តជុំវិញ និងជួយពង្រឹងសេដ្ឋកិច្ចទាំងក្នុងតំបន់ ក៏ដូចជាតំបន់ក្បែរខាងបន្ថែមទៀត។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅវិនិយោគឈានមុខគេនៅកម្ពុជា ដោយទទួលបានចំនួនគម្រោងខ្ពស់បំផុតក្នុងឆ្នាំ២០២៤។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៤១៤ ដែលត្រូវបានអនុម័តទូទាំងប្រទេស ខេត្តកំពង់ស្ពឺ បានទាក់ទាញគម្រោងចំនួន ៩៣ ដែលឈរនៅលំដាប់កំពូល និងបង្ហាញពីសារៈសំខាន់សេដ្ឋកិច្ចដែលកំពុងកើនឡើង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក មកកាន់ខេត្តកំពង់ស្ពឺ ក្នុងគោលដៅបង្កើតការងារកាន់តែច្រើនជូនប្រជាពលរដ្ឋ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ដែលឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០៕